កិច្ចប្រជុំផ្សព្វផ្សាយការងារគ្រប់គ្រងហត្ថពលកម្មបរទេសឆ្នាំ២០២៥
AKP ព្រះសីហនុ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារគ្រប់គ្រងហត្ថពលកម្មបរទេសឆ្នាំ២០២៥ នារសៀលថ្ងៃសុក្រ ទី០៣ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត មេប៉ុស្តិ៍រដ្ឋបាលទាំង២៩ ម្ចាស់ក្រុមហ៊ុនអាជីវកម្មក្នុងខេត្តព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងថា គោលបំណងនាពេលនេះ ដើម្បីឱ្យអង្គភាពអាជីវកម្មរបស់អស់លោក លោកស្រី ដែលបោះទីតាំងក្នុងខេត្តព្រះសីហនុដំណើរការទៅដោយរលូន ហើយការងារសន្តិសុខ សុវត្តិភាពសង្គមនៅខេត្តព្រះសីហនុបានល្អប្រសើរ ដូច្នេះអង្គភាពអាជីវកម្មទាំងអស់ត្រូវចូលរួមជាមួយរដ្ឋបាលខេត្ត និងអង្គភាពពាក់ព័ន្ធនានាទើបអាចឪ្យការងារអាជីវកម្មទទួលបានជោគជ័យទាំងអស់គ្នា ហើយការងារធ្វើបច្ចុប្បន្នភាពហត្ថពលកម្មបរទេសជារឿងសំខាន់ ប្រសិនហត្ថពលកម្មបរទេសមិនមានច្បាប់អាចទទួលរងនូវហានិភ័យផ្សេងៗ ហើយអង្គភាពពាក់ព័ន្ធត្រូវជួយសម្របសម្រួលឯកសារជូនបុគ្គលិកឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ ព្រោះចរន្តនៃការផ្លាស់ប្តូររបស់ជនបរទេសមកកាន់ខេត្តព្រះសីហនុមានការកើនឡើង យើងនឹងធ្វើការតាមដាន និងអនុវត្តធ្វើរដ្ឋបាលចំហរនៅពេលខាងមុខ ដូច្នេះយើងត្រូវរួមគ្នាសម្តែងការស្មោះត្រង់ក្នុងការធ្វើស្វ័យរបាយការណ៍ជនបរទេសដែលស្នាក់នៅ និងបំពេញការងារនៅខេត្តព្រះសីហនុ។


ឯកឧត្តម សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានស្វាគមន៍ការចូលរបស់ម្ចាស់អាជីវករម្ចាស់រោងចក្រ សហគ្រាស សណ្ឋាគារ និងការស៊ីណូក្នុងខេត្ត បានចូលរួមផ្សព្វផ្សាយច្បាប់ហត្ថពលកម្មបរទេសដែលកំពុងមានវត្តមានស្នាក់នៅខេត្តព្រះសីហនុឪ្យបានសុក្រឹត្យដោយផ្តោតសំនខាន់ដូចជា ១. ផ្សព្វផ្សាយដល់ម្ចាស់ក្រុមហ៊ុនចូលរួមប្រព័ន្ធគ្រប់គ្រងជនបរទេសកាលពីឆ្នាំ២០១៩ ២. ផ្សព្វផ្សាយនីតិវិធីច្បាប់ត្រូវអនុវត្តរបស់ក្រសួងមហាផ្ទៃចេញពីឆ្នាំ២០១៩ ៣. ការចុះវត្តមានជនបរទេសដែលស្នាក់នៅព្រះរាជាណាចក្រកម្ពុជា និងការផាកពិន័យ ៤. បន្តការស្នាក់នៅរបស់ជនបរទេសនៅក្នុងខេត្តព្រះសីហនុ កិច្ចប្រជុំផ្សព្វផ្សាយនេះជាលើកទី២ និងមិនមានលើកទី៣ សុំឱ្យម្ចាស់លំនៅឋានសូមធ្វើស្វ័យរបាយការណ៍ក្នុងការផ្សព្វផ្សាយ ស្របតាមស្វ័យរបាយការណ៍របស់រោងចក្រ សហគ្រាស ឬសណ្ឋាគារ កាស៊ីណូ តាមរយ:ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងជនបរទេស សុំឱ្យម្ចាស់រោងចក្រ សហគ្រាស សណ្ឋាគារ ការស៊ីណូ ត្រូវរាយការ ជូនអាជ្ញាធរមូលដ្ឋានក្នុងរយ:ពេល ២៤ម៉ោង ចំពោះការស្នាក់នៅរបស់ជនបរទេសខុសច្បាប់អន្តោប្រវេសន៍ និងជួបហានិភ័យ។ ប្រសិនបើជនបរទេសធ្វើការងានៅកម្ពុជាមិនមានបណ្ណការងារត្រូវធ្វើការផាកពិន័យ ឬបណ្តេញចេញតាមផ្លូវច្បាប់ ហើយនេះក៏ជាការផ្សព្វផ្សាយក្នុងការរាយការស្វ័យរបាយការណ៍ដោយមានការស្មោះត្រង់ជាមួយគ្នាឱ្យបានសុក្រឹត្យសម្រាប់ការស្នាក់នៅរបស់ជនបរទេស ដោយមានការឯកភាពពីឯកឧត្តមអភិបាលខេត្ត គិតត្រឹមថ្ងៃទី១៣ ខែតុលា ត្រូវធ្វើស្វ័យរបាយការណ៍មកកាន់រដ្ឋបាលខេត្ត និងមន្ត្រីអន្តោប្រវេសន៍ សូមជូនពរម្ចាស់រោងចក្រ សហគ្រាស សណ្ឋាគារ កាស៊ីណូ សូមមានសុខភាពល្អ ប្រកបមុខរបទទួលបានជោគជ័យ។


ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណគុណឯកឧត្តម សុខ វាសនា បានធ្វើការពន្យល់ណែនាំ ស្តីពីច្បាប់ការស្នាក់នៅរបស់ជនបរទេសនៅព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្ត សុំឪ្យមានការចូលរួមដោយស្មោះត្រង់ក្នុងការប្រកាសស្វ័យប្រកាសថា តើមានជនជាតិខ្មែរប៉ុន្មាននាក់ និងជនបរទេសស្នាក់នៅប៉ុន្មាននាក់ បន្ទាប់ពីធ្វើបច្ចុប្បន្នភាពនេះ ក្រុមការងារនឹងចុះទៅធ្វើការនៅតាមគោលដៅ ឈានទៅអនុវត្តវិធានការច្បាប់ ហើយគោលដៅដែលមិនបានធ្វើស្វ័យប្រកាសមកក្រុមការងារ យើងនឹងចុះគោលដៅនោះមុនគេ ប្រសិនបើមានការសហការល្អ ក្រុមការងារនឹងជួយសម្របសម្រួល សុំឱ្យអង្គភាពអាជីវកម្មរបស់អស់លោក លោកស្រី មិនមានគ្រឿងញៀន ជាតិផ្ទុះ បង្ខាំង ជំរិត ជួញដូរកម្លាំងពលកម្ម និងអំពើផ្សេងៗទៀត កម្ពុជាបើកឪកាសសម្រាប់អ្នកវិនិយោគមកពីគ្រប់ប្រទេស ក៏ប៉ុន្តែអ្នកវិនិយោគត្រូវគោរពច្បាប់របស់កម្ពុជា សូមជូនពរអង្គភាពអាជីវកម្មនៅខេត្តព្រះសីហនុ ទទួលបានភាពជោគជ័យ ហើយភាពជោគជ័យរបស់អ្នកវិនិយោគ ក៏ជាភាពជោគជ័យរបស់រដ្ឋបាលខេត្តផងដែរ៕

ដោយ ងូ សុមុនី





