ឯកឧត្តម អ៊ុន ចាន់ដា៖ កំពង់ផែទេសចរណ៍កំពង់ចាមពិតជាបានជួយជំរុញដល់កំណើនសេដ្ឋកិច្ចខេត្ត និងជីវភាពប្រជាពលរដ្ឋ
AKP កំពង់ចាម ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥-- ថ្លែងក្នុងកិច្ចស្វាគមន៍ក្នុងពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានលើកឡើងថា ការសាងសង់នៅកំពង់ផែទេសចរណ៍ខេត្តកំពង់ចាម ជាហេដ្ឋានុបវន្ត និងកាលានុវត្តភាពថ្មីមួយទៀតដ៏សំខាន់ក្នុងការស្រូបទាញភ្ញៀវទេសចរមកកាន់តែច្រើនក្នុងការជួយលើកស្ទួយ និងជំរុញនូវកំណើនសេដ្ឋកិច្ចរបស់ខេត្តនិងសេដ្ឋកិច្ចរបស់ ប្រជាពលរដ្ឋ ក៏ដូចជាវិស័យផ្សេងៗរបស់ខេត្តកំពង់ចាម និងសេដ្ឋកិច្ចជាតិផង។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា ទំហំសេដ្ឋកិច្ចរបស់ខេត្តត្រូវបានពឹងផ្អែកលើវិស័យសំខាន់ៗចំនួន៣ ដែលបានចូលរួមចំណែកក្នុងសេដ្ឋកិច្ចខេត្តកំពង់ចាម រួមមាន៖ វិស័យកសិកម្មមានទំហំ១.០៣៤លានដុល្លារ មានចំណែក៣៩,៩២%នៃសេដ្ឋកិច្ចខេត្ត វិស័យឧស្សាហកម្មមានទំហំ៨៥៧លានដុល្លារ មានចំណែក៣២,២៥%នៃសេដ្ឋកិច្ចខេត្ត និងវិស័យសេវាកម្មមានទំហំ៧៦៦លានដុល្លារ មានចំណែក២៨,៨៣%នៃសេដ្ឋកិច្ចខេត្ត។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា ការសាងសង់កំពង់ផែទេសចរណ៍នេះនឹងជួយលើកកម្ពស់វិស័យសេវាកម្មទេសចរណ៍ និងសេដ្ឋកិច្ច ខេត្តកំពង់ចាម និងសេដ្ឋកិច្ចជាតិផងដែរ។ ការបង្កើតហេដ្ឋារចនាសម្ព័ន្ធថ្មីនេះគឺជាការពង្រីកនូវសក្តានុពល វិស័យទេសចរណ៍ ដើម្បីទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលមកទស្សនាតាមតំបន់ទេសចរណ៍នានារបស់ខេត្ត ផ្តល់ឱកាសហុចនៅប្រាក់ចំណូលដោយផ្ទាល់ដល់ប្រជាពលរដ្ឋតាមតំបន់ទេសចរណ៍ រួមចំណែកលើកកម្ពស់សេដ្ឋកិច្ច គ្រួសារ និងជីវភាពរស់នៅកាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល នីតិកាលទី៧នេះ។


ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា ដើម្បីសម្រេចបាននូវទស្សនវិស័យ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍនានា គឺកត្តាមិនអាចខ្វះបាននៃគ្រប់ការអភិវឌ្ឍគឺការរក្សាសុខសន្តិភាព។ ដូចនេះយើងរួមគ្នាថែរក្សាសុខសន្តភាពឱ្យបានគង់វង្សដើម្បីអភិវឌ្ឍប្រទេសជាតិយើង៕
ដោយ ឆាយ ម៉ុត





