សិក្ខាសាលាពិគ្រោះយោបល់លើកទី១ ស្ដីពីការកសាងផែនការគោលកម្មវិធីមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សា ឆ្នាំ២០២៥-២០៣៥
AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥-- នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈនៃក្រសួងអប់រំ យុវជន និងកីឡា គាំទ្រដោយអង្គការភ្លែនអន្តរជាតិកម្ពុជា ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើកទី១ ស្ដីពីការកសាងផែន ការគោល កម្មវិធីមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សា ឆ្នាំ២០២៥-២០៣៥ ដើម្បីប្រមូលធាតុចូលពីអង្គភាពពាក់ព័ន្ធនានានៅក្នុង និងក្រៅក្រសួងអប់រំ យុវជន និងកីឡា អំពីយន្ដការអនុវត្តកម្មវិធីមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សា ដើម្បីកសាងផែនការគោលក្នុងការអនុវត្តកម្មវិធីមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សាក្នុងប្រព័ន្ធអប់រំកម្ពុជាឱ្យមានភាពប្រទាក់ក្រឡាគ្នាពីភូមិសិក្សាមួយទៅភូមិសិក្សាមួយ ក្នុងស្មារតីគាំទ្រដល់សិស្សានុសិស្សឱ្យមានលទ្ធភាពកាន់តែប្រសើរក្នុងការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន និងកំណត់គោលដៅអាជីពនាពេលអនាគត។

ថ្លែងបើកសិក្ខាសាលានេះ ឯកឧត្តមបណ្ឌិត អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងអំពីសារៈសំខាន់ និងតម្រូវការចាំបាច់ក្នុងការរៀបចំផែនការគោលកម្មវិធីមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សា ដើម្បីជាផែនទីបង្ហាញផ្លូវសម្រាប់ក្រសួងអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព ដោយបានគូសបញ្ជាក់ថា កម្មវិធីមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សាគឺជាផ្នែកនៃអន្ដរាគមន៍ក្នុងប្រព័ន្ធអប់រំ រួមចំណែកផ្ដល់ការគាំទ្រដល់សិស្សលើការអភិវឌ្ឍចំណេះដឹង ការអភិវឌ្ឍអាជីព និងការអភិវឌ្ឍបុគ្គលិកលក្ខណៈ ទំនាក់ទំនងសង្គម ដែលជួយពួកគេឱ្យមានលទ្ធភាពកាន់តែប្រសើរក្នុងការត្រៀមខ្លួនឆ្ពោះទៅកាន់អាជីពការងារនាពេលអនាគត។

ដោយឡែក លោក យី គឹមថាន នាយកប្រចាំប្រទេសស្ដីទីអង្គការភ្លែនអន្ដរជាតិកម្ពុជា បានគូសបញ្ជាក់លើតម្រូវការសំខាន់ក្នុងការណែនាំអំពីអាជីពពីមត្តេយ្យសិក្សាដល់វិទ្យាល័យ ដើម្បីជួយសិស្សធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹងអំពីអនាគតរបស់ពួកគេ។ លោកថា សិស្សជាច្រើន ជាពិសេសនៅកម្រិតមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិខ្វះគោលដៅសិក្សាច្បាស់លាស់ ហើយជារឿយៗពួកគេតែងតែមានគោលដៅចាប់យកអាជីពជាគ្រូបង្រៀន ពេទ្យ ឬនគរបាល ព្រោះពួកគេមិនទាន់ទទួលបាននូវព័ត៌មានគ្រប់គ្រាន់ពីអាជីពផ្សេងៗដែលពួកគេក៏អាចធ្វើបាន។

លោកបានបន្ថែមថា យើងត្រូវតែធ្វើការរួមគ្នាដើម្បីពង្រីកការយល់ដឹងរបស់ពួកគេ ណែនាំផ្លូវអាជីពចម្រុះ និងធានាថាកុមារគ្រប់រូប ដោយមិនគិតពីភេទទទួលបានការគាំទ្រដែលពួកគេត្រូវការ ដើម្បីបន្តមហិច្ឆតារបស់ពួកគេ ហើយថា ការយកចិត្តទុកដាក់ជាពិសេសគឺត្រូវការជាចាំបាច់ដើម្បីលើកទឹកចិត្តក្មេងស្រីឱ្យស្វែងយល់ពីវិស័យ STEM ដែលបទដ្ឋានសង្គម និងការគាំទ្រមានកម្រិតបន្តបង្កជាឧបសគ្គ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះក្រោមការជួយគាំទ្ររបស់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ក្រសួងអប់រំ យុវជន និងកីឡាបានពង្រីកការអនុវត្តកម្មវិធីមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សានេះទៅដល់គ្រឹះស្ថានមធ្យមសិក្សាចំនួន១៩៩សាលារៀននៅទូទាំងប្រទេស ដោយមានបុគ្គលិកអប់រំចំនួន៥៦៨នាក់ ស្រី ២៣៤នាក់ ត្រូវបានបណ្ដុះបណ្ដាល និងទទួលស្គាល់ជាគ្រូប្រឹក្សាតាមសាលារៀន ដែលក្នុងនោះមានសាលារៀនចំនួន២៦ និងគ្រូប្រឹក្សាតាមសាលារៀនចំនួន៥២នាក់ ស្រី២៧នាក់ ដែលទទួលបានការគាំទ្រពីអង្គការភ្លែនអន្តរជាតិកម្ពុជា និងបន្ដពង្រីកទៅគោលដៅថ្មីចំនួន១០បន្ថែមទៀតនៅខេត្តសៀមរាប ក្នុងឆ្នាំ២០២៥-២០២៦៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





