ឯកឧត្តម នេត្រ ភក្រ្តា ជំរុញដល់ពិធីករ ពិធីការិនី និងអ្នកសារព័ត៌មាន ចូលរួមបញ្ជ្រាបនូវការផ្សព្វផ្សាយពីសារអប់រំ ទប់ស្កាត់ បង្ការគ្រឿងញៀន តាមរយៈកម្មវិធីព័ត៌មានរបស់ខ្លួន
AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០២៥ -- ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ជំរុញដល់ពិធីករ ពិធីការិនី និងអ្នកសារព័ត៌មាន ត្រូវផ្តល់នូវចំណុចមួយក្នុងការចូលរួមបញ្ជ្រាបនូវការផ្សព្វផ្សាយពីសារអប់រំ ទប់ស្កាត់ បង្ការគ្រឿងញៀន តាមរយៈកម្មវិធីព័ត៌មានរបស់ខ្លួន បើទោះបីជាកម្មវិធីទាំងនោះមិនទាន់មិនមែនជាប្រធានបទពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនក៏ដោយ។ ក្រៅពីនេះ ពិធីករ ពិធីការិនី និងអ្នកសារព័ត៌មាន ក៏អាចនឹងភ្ជាប់នូវសារអប់ពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី កុមារ អំពើជួញដូរមនុស្ស និងការបៀតបៀនផ្លូវភេទផងដែរ។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជនបង្គោលសម្រាប់ការផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ នៅក្រសួងព័ត៌មាន។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់បានគូសបញ្ជាក់ថា ការចូលរួមសរសេរអត្ថបទ ការចូលរួមអំពីផលប៉ះពាល់ដែលកើតចេញពីគ្រឿងញៀន ការចូលរួមផលិត ការចូលរួមផ្តល់ការអប់រំ វាជាការពញ្ញាក់ស្មារតីឱ្យពួកគាត់កែប្រែឥរិយាបទ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងថា ត្រូវចូលរួមធ្វើដដែលឱ្យបានច្រើន និងមិនត្រូវធុញទ្រាន់ ហើយត្រូវធ្វើដដែលៗគឺជាការពង្រឹងនូវរបងការពារសង្គមរបស់យើង ត្រូវឱ្យយុវជនស្វែងយល់ដឹង និងចេះការពារខ្លួនបានគ្រប់ពេលវេលា ហើយចៀសឆ្ងាយពីគ្រឿងញៀន។ ឯកឧត្ដមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖ «ចំពោះការផ្សព្វផ្សាយ ដែលបង្ហាញពីផលប៉ះពាល់កើតចេញពីគ្រឿងញៀន បញ្ហាសង្គម និង អនាគតជាតិ គឺជាការចាំបាច់ដែលយើងត្រូវប្រើប្រាស់នូវស្លាបប៉ាកា របស់យើងក្នុងការផ្សព្វផ្សាយ។ យើងត្រូវប្រើប្រាស់សំឡេងរបស់យើង ត្រូវប្រើប្រាស់នូវសំឡេងវោហាស័ព្ទ របស់យើងដើម្បីចូលរួមអប់រំផ្សព្វផ្សាយ»។

ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងបញ្ជាក់ផងដែរថា សម្រាប់ក្បាលមេក្រូ និងអត្ថបទព័ត៌មានរបស់អ្នកសារព័ត៌មាន គឺមានតម្លៃខ្លាំងណាស់ ដើម្បីជាសារអប់រំល្អៗ ជូនដល់សារធាណជនឱ្យបានយល់ច្បាស់ពីបញ្ហាដែលបង្កឡើងដោយគ្រឿងញៀន អំពើហិង្សា ទង្វើផ្សេងៗទៀត ព្រមទាំងសកម្មភាពខុសច្បាប់ដែលសង្គមស្អប់ខ្ពើម និងអាចឈានទៅជាប់ទោសទណ្ឌប្រសិនបើជនណាប្រព្រឹត្តណាមួយនោះ។ កន្លងមកនេះ អ្នកសារព័ត៌មានបានចូលរួមច្រើនក្នុងការសរសេរអត្ថបទ ក្នុងការបញ្ជ្រាបសារ សរសេរអំពីផលប៉ពាល់ផ្សេងៗដែលកើតឡើងក្នុងសង្គម។ ឯកឧត្ដមបានបញ្ជាក់បន្ថែមថា៖ «ការចូលរួមផ្សព្វផ្សាយពីគ្រឿងញៀន ការបង្ការ ទប់ស្កាត់ វិធានការដែលដាក់ចុះដោយអាជ្ញាធរ គឺជាផ្នែកមួយដែលសំខាន់ ដែលខ្ញុំយល់ថា យើងត្រូវតែជួយផ្សព្វផ្សាយ អប់រំ សារដដែលៗពិតមែន ក៏ប៉ុន្តែ សារដដែលៗនេះវានឹងជ្រាប ហើយចូលរួមទប់ស្កាត់ កុំឱ្យយុវជន យុវនារី ភ្លក់ សាករសជាតិគ្រឿងញៀនដែលនាំឱ្យពួកគាត់ក្លាយខ្លួនជាអ្នកញៀនគ្រឿងញៀន។ បើញៀនគ្រឿងញៀនហើយ អនាគតរបស់ពួកគាត់នឹងពុំមានអ្វីទៀតឡើយ»។

ក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានឱ្យដឹងទៀតថា អ្នកបណ្តាញសង្គម អ្នកសិល្បករ សិល្បការិនី បានបង្ហាញអំពីសារចូលរួមអប់រំ ទប់ស្កាត់ ដែលនេះជាចំណុចមួយដែលមិនអាចមើលរំលង ហើយត្រូវចូលរួមទាំងអស់គ្នា ក្នុងនេះអ្នកសារព័ត៌មានដែលបានចូលរួមវគ្គបណ្តុះបណ្តាលដែលជាជនបង្គោលប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺចាំបាច់ណាស់ត្រូវចូលរួមទាំងអស់គ្នា ហើយត្រូវពង្រីកការផ្សព្វផ្សាយបន្ថែមទៀតសំដៅធ្វើឱ្យប្រទេសយើងគ្មានគ្រឿងញៀន មិនមានអ្នករងគ្រោះបន្តទៀតឡើយ៕
ដោយ៖ មករា រូបថត៖ សួស សាវី





