អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្ដកំពង់ធំ រួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងវិស័យទេសចរណ៍ និងការផ្សព្វផ្សាយកម្មវិធី App NoDrug
AKP កំពង់ធំ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥--អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានរួមគ្នាចុះផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀនកម្មវិធីទូរស័ព្ទដៃ NoDrug ជូនដល់មន្រ្តី និងមូលដ្ឋានទេសចរណ៍ចំនួន១៩ ដែលមានបុគ្គលិកសរុប ៣៤៣ នាក់ នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តម ឡោ សុវិជ្ជា ជាសមាជិកនិងជាប្រធានលេខាធិការដ្ឋានគណ:កម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងទេសចរណ៍បានបញ្ជាក់ឱ្យដឹងថា ការចុះផ្សព្វផ្សាយផ្ទាល់ដល់មូលដ្ឋានទេសចរណ៍គឺដើម្បីពង្រឹងសមត្ថភាពម្ចាស់ទីតាំងសេវាទេសចរណ៍ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យកាន់តែប្រសិទ្ធភាពបន្ថែមទៀត។
លោក ឃុត ចំណាន អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពុងធំបានថ្លែងបញ្ជាក់ពីការងារលើកកម្ពស់ ទាក់ទាញវិស័យទេសចរណ៍ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីរួមចំណែកការងារសន្តិសុខ និងសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ក្នុងឱកាសនោះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ:នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានគូសបញ្ជាក់ថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនគឺជាការងាររួមដែលត្រូវរួមគ្នាបង្ការ ទប់ស្កាត់ ដោះស្រាយ ហើយការបន្តរួមគ្នាបង្កើនការផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀន និងបំផុសការប្រើប្រាស់ App NoDrug គឺជាការងារដែរអាចដោះស្រាយបាននូវកង្វល់របស់ប្រជាពលរដ្ឋពីបញ្ហាគ្រឿងញៀន។ ឯកឧត្ដម ឧត្តមសេនីយ៍ឯកក៏បានសំណូមពរដល់មន្ទីរទេសចរណ៍ខេត្តកំពង់ធំបន្តសហការចូលរួមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តពង្រឹងលើកកម្ពស់ការអនុវត្តវិធានការណ៍រដ្ឋបាលចំពោះគ្រឹះស្ថានឯកជនក្នុងវិស័យទេសចរណ៍ បង្កើនសកម្មភាពជំរុញនិងប្រើប្រាស់ App NoDrug ដើម្បីបន្តរក្សាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរ៕


ដោយ៖ រិទ្ធី ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន





