ឯកឧត្តម ឃឹម ហ្វីណង់ ចូលរួមកម្មវិធីផ្សព្វផ្សាយ «គ្រាប់ពូជមានភាពធន់សម្រាប់កសិករ» នៅខេត្តកំពង់ឆ្នាំង
AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី០២ តុលា ឆ្នាំ២០២៥ថា ឯកឧត្តមបានចូលរួមជាអធិបតីនៅក្នុងកម្មវិធីផ្សព្វផ្សាយជាផ្លូវការគម្រោង «គ្រាប់ពូជមានភាពធន់សម្រាប់កសិករ» នៅខេត្តកំពង់ឆ្នាំង ដែលជាគម្រោងអនុវត្តដោយ សមាគមបណ្តាញកសិករ និងធម្មជាតិ (FNN) និងគាំទ្រថវិកាដោយពីមូលនិធិសម្រាប់អង្គការ FORRA។

ឯកឧត្តមបានបន្តថា គម្រោងនេះមានរយៈពេល៣ឆ្នាំ ដោយគ្រោងសហការផ្ទាល់ជាមួយ សហគមន៍កសិកម្មទំនើបខេមស៊ីដ និងមានគោលបំណងពង្រឹងប្រព័ន្ធផលិតកម្មនិងប្រព័ន្ធចែកចាយពូជស្រូវក្នុងស្រុក ជាពិសេសពូជស្រូវប្រពៃណីដែលមានទិន្នផលខ្ពស់ ក៏ដូចជាតភ្ជាប់ទីផ្សារនិងភាពជាដៃគូនៅក្នុងខ្សែច្រវ៉ាក់ផលិតកម្មពូជស្រូវផងដែរ។ សង្ឃឹមថាយើងនឹងមានសហគមន៍កសិកម្មទំនើប ដែលមានលទ្ធភាពផ្គត់ផ្គង់ពូជស្រូវក្នុងទំហំធំ មានគុណភាពខ្ពស់ និងមានតម្លៃសមរម្យនាពេលខាងមុខ។

សហគមន៍កសិកម្មទំនើបខេមស៊ីដ ភូមិពេជ្រចង្វារ ឃុំពេជ្រចង្វាស្រុកបរិបូរ ខេត្តកំពង់ឆ្នាំង ដែលមានសមាជិកជាង ២០០គ្រួសារ មានផ្ទៃដីផលិតជិត ៥០០ ហិកតា ដែលសហគមន៍ ផលិតស្រូវពូជ និងបន្លែ ក្នុងផ្ទះសំណាញ់។ សហគមន៍កសិកម្មទំនើបខេមស៊ីដទទួលគាំទ្រពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) ១៦ ម៉ឺនដុល្លារស្មើ៤០ភាគរយនៃទំហំវិនិយោគ ដែលទឹកប្រាក់នោះសហគមន៍ វិនិយោគលើ ឡសំងួត ឃ្លាំងទុកពូជស្រូវ ធ្វើផ្ទះសំណាញ់ ៤៨ ឡានដឹកស្រូវ ម៉ាស៊ីនច្រូតជាដើម៕

ដោយ ណយ នឿន





