ប្រជាពលរដ្ឋ៨៦នាក់ទទួលបានការអប់រំផ្សព្វផ្សាយពីវិធានការការពារគ្រោះទឹកជំនន់ទាំងបីដំណាក់កាលពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥-- លោកស្រី ឡេង សុឃីម នាយិការងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ លោកស្រី ឡាក់ សៅចាន់ អនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសណ្តាន់ ក្រុមប្រតិបត្តិសាខាមន្ត្រីអនុសាខា អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ បានចុះធ្វើការអប់រំផ្សព្វផ្សាយស្តីពី វិធានការការពារគ្រោះទឹកជំនន់ទាំងបីដំណាក់កាលដល់ប្រជាពលរដ្ឋដែលរងប៉ះពាល់ដោយទឹកជំនន់ ក្នុងភូមិរនាម ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំដែលមានប្រជាពលរដ្ឋចូលរួមសរុប៨៦នាក់ (ស្រី៥៣នាក់)។

ក្នុងឱកាសនោះ លោកស្រី ឡេង សុឃីម បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នខ្ពស់ពិសេសកូនចៅតូចៗ កុំលេងទឹកខ្លាចមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ ព្រមទាំងជនងាយរងគ្រោះដូចជាចាស់ជរាគ្មានទីពឹង ជនមានពិការភាព និងក្មេងកំព្រា។សូមអាជ្ញាធរភូមិ ឃុំ អ្នកស្ម័គ្រចិត្តត្រូវយកចិត្តទុក្ខដាក់ចុះពិនិត្យផ្ទាល់និងធ្វើការរាយការណ៍ទៅដល់ថ្នាក់ស្រុកឬផ្តល់ព័ត៌មានទៅអនុសាខាស្រុក ដើម្បីជួយសម្រួលទុក្ខលំបាក់ពិសេសស្បៀង និងជម្រកបណ្តោះអាសន្នក្នុងកំឡុងទឹកជំនន់។

លោកស្រី ឡេង សុឃីម បានលើកយកប្រធានបទដែលយកមកអប់រំផ្សព្វផ្សាយនាពេលនេះរួមមាន÷ វិធានការការពារគ្រោះទឹកជំនន់ទាំងបីដំណាក់កាល (មុនពេល កំឡុងពេល ក្រោយពេល)។ ការជួយសង្គ្រោះបឋមជនរងគ្រោះលង់ទឹកនិងវិធីជួយសង្គ្រោះជនរងគ្រោះស្លាក់។ វិធានការការពារជំងឺមិនឆ្លងទាំង៤ប្រភេទ (ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃជំងឺសរសៃឈាមបេះដូង) វិធានការការពារជំងឺគ្រុនឈាមនិងអនាម័យទឹកស្អាត។

លោកស្រី ឡេង សុឃីម នាយិការងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំបានណែនាំបន្ថែមដល់ប្រជាពលរដ្ឋ លោកតា លោកយាយទាំងអស់ត្រូវយកចិត្តទុកដាក់គិតគូរជាប្រចាំពីសុខភាពនិងសុវត្ថិភាពផ្ទាល់ខ្លួន ដោយត្រូវចូលរួមរក្សាអនាម័យ"ហូបស្អាត ផឹកស្អាត រស់នៅស្អាត" ឱ្យបានខ្ជាប់ខ្ជួនដើម្បីចៀសផុតពីជំងឺទាំងឡាយទាំងពួងក្នុងបរិបទសង្គមបច្ចុប្បន្ន៕

ដោយ ស៊ុម វណ្ណា





