ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រៀបចំវេទិកាស្ដីពី “ការវិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក”
AKP ភ្នំពេញថ្ងៃទី២ ខែតុលា ឆ្នាំ ២០២៥–
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រៀបចំវេទិកាស្ដីពី “ការវិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក” ពិភាក្សាអំពីប្រធានបទ ដែលមានសារៈសំខាន់ដើម្បីការរក្សាពង្រឹង និងពង្រីកពាណិជ្ជកម្ម និងវិនិយោគជាមួយសហរដ្ឋអាម៉េរិក។

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានអញ្ជើញជាអធិបតីបើកវេទិកាស្ដីពី “ការវិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក” ដែលប្រព្រឹត្តទៅនៅ សាលាជាតិគយ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជា, ឯកឧត្តមអគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក.អ.ក., ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម, ឯកឧត្តមទីប្រឹក្សាផ្ទាល់សម្តេចធិបតីនាយករដ្ឋមន្ត្រី, លោកប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា, ឯកឧត្តម លោកជំទាវ, អ្នកឧកញ៉ា ឧកញ៉ា, លោក លោកស្រី ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។

វេទិកាស្ដីពី “ការវិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក” ដែលបានប្រព្រឹត្តទៅនាព្រឹកនេះ ត្រូវបានរៀបចំឡើងដើម្បីជាឱកាសនៃការជួបជុំរវាងអ្នករៀបចំគោលនយោបាយ ប្រតិបត្តិករគោលនយោបាយ និងផ្នែកឯកជន ដើម្បីពិភាក្សាអំពីប្រធានបទដែលមានសារៈសំខាន់ដើម្បីរក្សា ពង្រឹងនិងពង្រីកពាណិជ្ជកម្ម និងវិនិយោគជាមួយសហរដ្ឋអាម៉េរិក រួមជាមួយនឹងការដោះស្រាយបញ្ហាប្រឈមនានា នៅក្នុងបរិការណ៍នៃការផ្លាស់ប្តូរឥតឈប់ឈរនៃបរិយាកាសពាណិជ្ជកម្មពិភពលោកនាពេលបច្ចុប្បន្ន។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកពីសាវតានៃការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក, តួលេខនៃការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក, និងសាវតានៃកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិក ដែលបានធ្វើឡើងជាបន្តបន្ទាប់ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតីនាយករដ្ឋមន្ត្រី។ ដោយជាលទ្ធផល រដ្ឋបាលសហរដ្ឋអាម៉េរិកបានបញ្ចុះអត្រាពន្ធបដិការមកលើកម្ពុជានៅត្រឹម ១៩% ដែលជាអត្រាមួយអនុញ្ញាតឱ្យកម្ពុជារក្សាបាននូវភាពប្រកួតប្រជែងក្នុងការទាក់ទាញវិនិយោគ និងការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារសំខាន់នៃវេទិកានេះ ដែលត្រូវបានរៀបចំឡើងក្នុងពេលវេលាដ៏សំខាន់សម្រាប់អនាគតសេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តមបានបន្ថែមថា តាមរយៈការសហការគ្នារវាងភាគីពាក់ព័ន្ធទាំងអស់របស់រាជរដ្ឋាភិបាល និងផ្នែកឯកជន យើងនឹងធានាបានថាកម្ពុជានៅតែរក្សាបាននូវអនុលោមភាព ភាពប្រកួតប្រជែង និងភាពទាក់ទាញសម្រាប់ វិនិយោគ និងពាណិជ្ជកម្ម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យមានការចូលរួមមតិដោយផុលផុសនៅក្នុងកិច្ចពិភាក្សានាព្រឹកនេះ ក៏ដូចជាបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ថា វេទិកានេះនឹងបញ្ចប់ទៅជាមួយនឹងគំនិតល្អៗក្នុងការថែរក្សាទីផ្សារ ការទាក់ទាញវិនិយោគ និងការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជាថែមមួយកម្រិតទៀត៕ ដោយ៖ ចរិយា ប្រភព៖ CDC





