ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅហ្វីលីពីនកើនឡើងដល់ជិត ៧០នាក់
AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ -- ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៦,៩រ៉ិចទ័រ ដែលបានវាយប្រហារកោះសេប៊ូ នៅភាគខាងជើងប្រទេសហ្វីលីពីន កាលពីល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅនោះ បានកើនឡើងដល់ ៦៩នាក់ហើយ។ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយពីទីភ្នាក់ងារការពារជនស៊ីវិលហ្វីលីពីន។
គ្រោះរញ្ជួយដីនេះក៏បានធ្វើឱ្យមនុស្សចំនួន ១៤៧នាក់រងរបួស និងបានបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់អគារ ២២ខ្នងផងដែរ។
នៅក្នុងទីក្រុងបូហ្គោ ការកើនឡើងយ៉ាងច្រើននៃចំនួនអ្នករងរបួសបានធ្វើឱ្យមន្ទីរពេទ្យក្នុងស្រុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ អ្នកជំងឺរាប់សិបនាក់រួមទាំងកុមារជាច្រើននាក់ កំពុងត្រូវបានព្យាបាលនៅលើគ្រែបណ្តោះអាសន្ននៅក្នុងតង់នៅខាងក្រៅមន្ទីរពេទ្យ ដោយសារតែការភ័យខ្លាចមានការរញ្ជួយដីទៀតដែលអាចនាំឱ្យអគារធ្លាក់ចុះ។
ករណីអ្នករងរបួសខ្លាំងៗជាច្រើនត្រូវបានផ្ទេរទៅកាន់ទីក្រុងសេប៊ូដែលមានចម្ងាយប្រហែល ១០០គីឡូម៉ែត្រ។ អភិបាលក្រុងសេប៊ូ លោក ប៉ាម៉េឡា បារីគូអាតូ (Pamela Baricuatro) បានបញ្ជាក់ថា អ្នកជំងឺដែលរងរបួសធ្ងន់ធ្ងរជាច្រើននាក់ត្រូវទទួលការព្យាបាល។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហោះវីដេអូដែលបង្ហាញពីមនុស្សជាច្រើនប្រញាប់ប្រញាល់ចេញពីផ្ទះរបស់ពួកគេ ខណៈដែលដីរញ្ជួយ និងអគារបានដួលរលំ រួមទាំងព្រះវិហារដែលមានអាយុកាលជាង ១០០ឆ្នាំ។
ទីភ្នាក់ងាររញ្ជួយដីហ្វីលីពីន បាននិយាយថា ការរញ្ជួយដីប្រមាណជិត៨០០ដងត្រូវបានកត់ត្រា ហើយបានព្រមានតំបន់ដែលរងផលប៉ះពាល់ ដែលរំពឹងថានឹងមានការរញ្ជួយដីបន្ថែមទៀតនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ បើទោះបីជាកម្លាំងនៃការរញ្ជួយនោះត្រូវបានគេរំពឹងថានឹងថយចុះជាបណ្តើរៗក៏ដោយ។
ការវាស់វែងដំបូង គ្រោះរញ្ជួយដីនោះមានកម្រិត ៦,៧រ៉ិចទ័រ ក្រោយមកការរញ្ជួយដីនេះត្រូវបានកែប្រែទៅជា ៦,៩រ៉ិចទ័រវិញ ជាមួយនឹងជម្រៅប្រសព្វពី ៥ ទៅ ១០គីឡូម៉ែត្រ។ ការរញ្ជួយដីនេះបានកើតឡើងនៅទូទាំងខេត្តភាគកណ្តាលមួយចំនួន និងផ្នែកខ្លះនៃប្រទេសហ្វីលីពីនភាគខាងត្បូង។ការព្រមានអំពីរលកយក្សស៊ូណាមិត្រូវបានដាក់ចេញ ប៉ុន្តែក្រោយមក ត្រូវបានលុបចោលវិញក្នុងរយៈពេល ៣ម៉ោងក្រោយ។
ហ្វីលីពីន ដែលជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះមហន្តរាយបំផុតនោះ តែងតែរងការវាយប្រហារដោយការរញ្ជួយដីនិងការផ្ទុះភ្នំភ្លើង ដោយសារតែទីតាំងរបស់វាស្ថិតនៅលើតំបន់រង្វង់ភ្លើងនៃមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាបណ្តុំនៃការរញ្ជួយដីជុំវិញមហាសមុទ្រ។ប្រទេសប្រជុំកោះនេះក៏ត្រូវបានបោកបក់ដោយព្យុះទីហ្វុង និងព្យុះត្រូពិចប្រហែល ២០ដងក្នុងមួយឆ្នាំៗផងដែរ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





