អភិបាលខេត្តតាកែវណែនាំដល់មេឃុំ ចៅសង្កាត់ត្រូវបន្តយកចិត្តទុកដាក់ ក្នុងការអនុវត្តកម្មវិធីជាតិជំនួយសង្គមឱ្យបានល្អ
AKP តាកែវ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥--នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវបានរៀបចំបើកវគ្គបណ្ដុះបណ្ដាលរំលឹកស្ដីពីការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដល់រដ្ឋបាលឃុំ-សង្កាត់ និងការិយាល័យអប់រំយុវជននិងកីឡាក្រុង-ស្រុក នៅទូទាំងខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានមូលនិធិជាតិជំនួយសង្គម និងប្រតិភូអមដំណើរ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោកលោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកប្រធានការិយាល័យអប់រំយុវជននិងកីឡាក្រុង-ស្រុក មេឃុំចៅសង្កាត់ទាំង១០០ក្នុងខេត្តតាកែវ រួមនឹងមន្ត្រីពាក់ព័ន្ធចូលរួមជាច្រើនរូបផងដែរ។

ក្នុងវគ្គបណ្ដុះបណ្ដាលនោះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំ និងជំរុញដល់មេឃុំចៅសង្កាត់ និងមន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តន៍កម្មវិធីជាតិជំនួយសង្គមឱ្យបានល្អ និងត្រូវកំណត់អត្តសញ្ញាណគ្រួសាររងគ្រោះឱ្យបានត្រឹមត្រូវប្រកបដោយតម្លាភាព ដើម្បីមន្រ្តីជំនាញជួយពួកគាត់បានទាន់ពេលវេលានិងចំគោលដៅ។ ដើម្បីធ្វើឱ្យប្រសើឡើងវិញសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋ រាជរដ្ឋាភិបាលពិតជាបានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់គាំទ្រដល់ដំណើរការនៃការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់។ពិសេសកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលកន្លងមក និងត្រូវបានបិទបញ្ចប់ ស្របតាមស្ថានភាពប្រសើរឡើងនៃស្ថានភាពសេដ្ឋកិច្ច និងប្រទេសជាតិទាំងមូល។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានកោតសរសើរដោយស្មោះចំពោះរាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិកន្លងមក និងអាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គមនានាជាបន្តបន្ទាប់។ គ្រប់កម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តតាកែវបាន និងកំពុងគាំទ្រជំរុញ និងយកចិត្តទុកដាក់ជាប់ជាប្រចាំដល់មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។ ដើម្បីទទួលបាននូវប្រសិទ្ធភាព និងអាចសម្រេចបាននូវសមិទ្ធផល ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៕


ដោយ អ៊ុច សៀង





