ប្រតិភូសារព័ត៌មានកម្ពុជាទស្សនកិច្ច និងឈ្វេងយល់ពីបច្ចេកទេសផ្សព្វផ្សាយ និងគ្រប់គ្រងព័ត៌មាននៅខេត្ត Quang Ninh ប្រទេសវៀតណាម
AKP Quang Ninh, វៀតណាម ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥ --ថ្នាក់ដឹកនាំ និងគណៈប្រតិភូមន្ត្រីក្រសួងព័ត៌មានបានចុះបំពេញទស្សនកិច្ចការងារដល់ខេត្ត Quang Ninh ភាគឦសាន នៃសាធារណរដ្ឋសង្គមនិយមវៀតណាមដើម្បីឈ្វេងយល់ពី បច្ចេកទេសផ្សព្វផ្សាយ និងគ្រប់គ្រងព័ត៌មាន នារសៀលថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២៥។
លោក Nguyen Thanh Tung អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ និងតំណាង សមាគមអ្នកសារព័ត៌មានខេត្ត Quang Ninh ប្រទេសវៀតណាមមានប្រសាសន៍ថា ផ្អែកលើការរួមបញ្ចូលគ្នានៃទីភ្នាក់ងារព័ត៌មាន របស់ខេត្ត រួមមាន កាសែត Quang Ninh ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ខេត្ត វិបផតថល (Web Portal) ព័ត៌មានអេឡិចត្រូនិកទូទៅរបស់ខេត្ត កាសែត Ha Long បានដំណើរការតាមគំរូនៃការិយាល័យរួមតាមវេទិការចំនូន០៧ រួមមាន ទូរទស្សន៍ ០២ ប៉ុស្តិ៍ វិទ្យុ ០២ ប៉ុស្តិ៍ កាសែតបោះពុម្ព ប្រចាំថ្ងៃ និងចុងសប្តាហ៍ កាសែត Ha Long ទស្សនាវដ្តី និងកាសែតពិសេសពីរភាសា(វៀតណាម - ចិន)។


ជាមួយគ្នានេះដែរ លោកស្រី Nguyen Thi Thien នាយករងកាសែត វិទ្យុ និងទូរទស្សន៍ខេត្ត Quang Ninh បានជម្រាបជូនគណៈប្រតិភូកម្ពុជាថា ខេត្ត Quang Ninh បានធ្វើបរិវត្តកម្មឌីជីថលលើវិស័យព័ត៌មានដោយធ្វើការផលិតនូវមាតិកាជាច្រើនលើពហុប្រព័ន្ធផ្សព្វផ្សាយតាមវេទិការឌីជីថលដូចជា គេហទំព័រព័ត៌មានរបស់ខេត្ត និងបណ្តាញសង្គម Facebook TikTok និង Apps ជាដើម។ លោកស្រីបន្តថា កម្មវិធីកែសម្រួលព័ត៌មានត្រូវបានភ្ជាប់គ្នា និងរួមបញ្ចូលគ្នាទៅវិញទៅមកក្នុង Software រួម ឧទាហរណ៍ កាសែតបោះពុម្ព និងកាសែតអេឡិចត្រូនិកប្រើកម្មវិធីដូចគ្នា វិទ្យុ និងទូរទស្សន៍ប្រើប្រព័ន្ធដូចគ្នា។ដូច្នេះនាយកដ្ឋានផលិតមាតិកាឌីជីថលអាចទាញយកទិន្នន័យចែករំលែក កែសម្រួល និងផលិតមាតិកាដែលសមស្របសម្រាប់វេទិកា OTT និងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗទៀត។ហើយការចាក់ផ្សាយដំណើរការដោយប្រព័ន្ធស្វ័យប្រវត្តិ និងអាចកែសម្រួលបានតាមជាក់ស្តែង ជាពិសេសគឺនៅពេលផ្សាយផ្ទាល់(Live)។


តាមរយៈទស្សនកិច្ចការងារ និងការចែករំលែកបទពិសោធន៍ពីមន្ត្រីជាន់ខ្ពស់ផ្នែកសារព័ត៌មាននៃខេត្ត Quang Ninh គណៈប្រតិភូសារព័ត៌មានកម្ពុជា បានបង្ហាញការចាប់អារម្មណ៍និងទទួលបានចំណេះដឹងបន្ថែមអំពីបច្ចេកទេសផ្សព្វផ្សាយពហុប្រព័ន្ធរបស់ខេត្ត។មិនតែប៉ុណ្ណោះ ការចែករំលែកខាងលើនេះ មិនត្រឹមតែរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យសារព័ត៌មានរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបើកឱកាសសហប្រតិបត្តិការជាក់ស្តែង និងមានប្រសិទ្ធភាពនាពេលខាងមុខផងដែរ៕


ដោយ ទូច វលក័្ខណ រូបថត៖ ខឹម សុវណ្ណារ៉ា





