វគ្គបណ្តុះបណ្តាលស្តីពីផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥
AKP ភ្នំពេញ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម ណេប សាមុត រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ និងលោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ និងមន្រ្តីអាជ្ញាធរទន្លេសាប ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ បានចូលរួមកិច្ចប្រជុំកម្រិតលេខាធិការដ្ឋាន និងអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក អមជាមួយវគ្គបណ្តុះបណ្តាលស្តីពីផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ដល់អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក នៅទីរួមខេត្តសៀមរាប។

ឯកឧត្តម ណេប សាមុត បានលើកឡើងថា គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ហៅកាត់ថា គ.អ.ទ.ស. ត្រូវបានបង្កើតឡើងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ តាមរយៈអនុក្រឹត្យលេខ ២៧៦ អនក្រ.បក ជាអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីដឹកនាំ សម្របសម្រួល និងត្រួតពិនិត្យ ការអភិវឌ្ឍគោលដៅទេសចរណ៍ខេត្តសៀមរាប ដោយអនុវត្តតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបកំណត់ចក្ខុវិស័យទេសចរណ៍រយៈពេលវែង ឆ្នាំ២០២១-២០៣៥។


ឯកឧត្តមបានបន្តថា គោលបំណងនៃកិច្ចប្រជុំមានពីរចំណុចសំខាន់ៗ៖ ទី១. បង្ហាញពីផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥ និងទី២. បង្ហាញពីយន្តការមួយចំនួនដែលជាបទដ្ឋានក៏ដូចជាវិធានការគន្លឹះក្នុងការគាំទ្រទៅលើការអភិវឌ្ឍន៍ផែនការមេតំបន់ទេសចរណ៍ខេត្តសៀមរាប៕
ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





