ឯកឧត្តម ម៉ាង ស៊ីណេត ជួបសំណេះសំណាល និងសួរសុខទុក្ខអតីតយុទ្ធជននៅស្រុកស្ទឹងហាវ
AKP ព្រះសីហនុ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានកិត្តិយសសមា គមន៍អតីតយុទ្ធជនខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខអតីតយុទ្ធជនចំនួន ២០គ្រួសារ ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃពុធ ទី០១ ខែតុលា ឆ្នាំ២០២៥។

លោក ឧត្តមសេនីយត្រី នូវ សំអុល បានធ្វើរបាយការណ៍សង្ខេបគូសបញ្ជាក់ថា យោងតាមអនុក្រឹត្យលេខ ៥២អនក្រ.មក សម្បទានដីសង្គមកិច្ចជូនអតីតយុទ្ធជន ការបែង ចែកដីសម្បទាសង្គមកិច្ចមានចំនួន៤លើក ហើយផ្ទៃដីដែលនៅសល់ពីការបែងចែកជូនអតីតយុទ្ធជនមានចំនួន ៣៧៤ហិកតា ៩៩អា។ នៅឆ្នាំ២០១៤ សាងសង់ផ្ទះបាន៨០ខ្នង ឆ្នាំ២០២៤ បាន២០ខ្នង សរុបចំនួន១០០ខ្នង។ ទន្ទឺមនឹងការផ្តល់ជូនដី និងផ្ទះជូនអតីតយុទ្ធជន រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ឧបត្ថម្ភសម្ភារផ្ទះបាយ ការផ្តល់កូនឈើមានដូចជា ខ្នុរ ស្អំ ដូង មៀន កូនចេក ។ ក្នុងនាមប្រធានសមាគមន៍អតីតយុទ្ធជនខេត្តព្រះសីហនុ យើងបានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធជូនពុកម៉ែបងប្អូនអតីតយុទ្ធជន ហើយនៅពេលរាំងភ្លៀងខាងមុខ យើងនឹងបន្តការសាងសង់ផ្ទះចំនួន ៣១ខ្នងបន្ថែមទៀតសម្រាប់ចែកជូនអតីតយុទ្ធជនយើងដែលខ្វះផ្ទះ ខ្វះដីពិតប្រាកដ។

ឯកឧត្តម ម៉ាង ស៊ីណេត បានថ្លែងថា ថ្ងៃនេះមានអ្នកឧកញ៉ា ប្រធានមន្ទីរ អង្គភាពបានចូលរួមសំណេះសំណាលជាមួយក្រុមគ្រួសារអតីតយុទ្ធជនរបស់យើង ព្រមទាំងបានពាំនាំការផ្តាំផ្ញើ និងជូនពរពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមន៍អតីតយុទ្ធជន សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានសមាគមន៍អតីតយុទ្ធជន ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា។ ហើយថ្ងៃនេះយើងបាននាំយកអំណោយរបស់សាខាកាកបាទក្រហមខេត្តព្រះសីហនុ យកមក ចែកជូនដល់អតីតយុទ្ធជននៅទីនេះ ព្រោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានធ្វើការណែនាំមកដល់សាខាឱ្យនាំយកអំណោយមនុស្សធម៌ចែកជូនបងប្អូនអតីតយុទ្ធជន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ កាន់បិណ្ឌ ថ្វីត្បិតតែយើងបានមកជួបគ្នាជាបន្តបន្ទាប់ ហើយថ្ងៃនេះយើងបាននាំយកមកនូវ អង្គរ មី ត្រីខ ទឹកត្រី កន្ទេល ឃីត ១កញ្ចប់ មាន់ ទា និងថវិកាផងដែរ។

ឯកឧត្តមប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានបញ្ជាក់ថា ថ្ងៃនេះយើងក៏បាននាំយកមាន់ចំនួន១០ក្បាល និងទា១០ក្បាល សម្រាប់ចែកជូនបងប្អូនអតីតយុទ្ធជនរបស់យើងក្នុងមួយគ្រួសារនៅទីនេះចំនួន២០គ្រួសារ ដើម្បីធ្វើការចិញ្ចឹមជាលក្ខណៈគ្រួសារ បង្កើនជីវភាពគ្រួសារ សូមកុំយកមាន់ ទាទាំងអស់នេះមកធ្វើជាម្ហូប ត្រូវខិតខំដាំដុះដំណាំរួមផ្សំបន្ថែមទៀតនៅជុំវិញផ្ទះ ជាពិសេសរស់នៅស្អាត ចៀសផុតពីជំងឺផ្សេងៗ។
ឯកឧត្តមបានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមន៍អតីតយុទ្ធជន បានឆ្លងកាត់សម័យសង្គ្រាម ការឈឺចាប់ ព្រាត់ប្រាសគ្រួសារ ហើយសង្គ្រាមទាំងអស់នេះ ថ្នាក់ដឹកនាំរបស់យើងមិនចង់ឱ្យកើតមាននោះទេ យើងចង់ឱ្យប្រជាពលរដ្ឋរស់នៅក្នុងសុខសន្តិភាព និងសុភមង្គល។ រាជរដ្ឋាភិបាលចង់បានព្រំដែនមិត្តភាព សុខសន្តិភាព សហប្រតិបត្តិការ និងព្រំដែនមានការអភិវឌ្ឍ ដើម្បីពង្រឹងសេដ្ឋកិច្ចរុញច្រានប្រទេស កម្ពុជានៅឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់៕
ដោយ ងូ សុមុនី





