សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យចែកអំណោយមនុស្សធម៌ដល់ពលរដ្ឋខ្វះខាត២៥០គ្រួសារ នៅស្រុកអូរជ្រៅ
AKP បន្ទាយមានជ័យ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានបន្តបេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លារបស់ខ្លួន ដោយបាននាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតសរុប២៥០គ្រួសារ ស្ថិតនៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ ដោយពិធីប្រគល់អំណោយនេះបានប្រារព្ធធ្វើឡើងនៅសុវណ្ណសីលារាម (វត្តអាងសិលា) ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ ក្នុងចំណោមគ្រួសារទាំង ២៥០ គ្រួសារ មាន១៥០គ្រួសារមកពីភូមិសិលាខ្មែរ និង១០០ គ្រួសារមកពីភូមិទំនប់ដាច់។

ក្នុងឱកាសដ៏សំខាន់នោះ ឯកឧត្តម អ៊ុ រាត្រី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខយ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសអ្នកដែលកំពុងមានទុក្ខលំបាក។
ឯកឧត្តមបានគូសបញ្ជាក់ជាថ្មីពីតួនាទីស្នូលរបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ត្រចះត្រចង់របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជា មាតាមនុស្សធម៌ ថា «សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ជាពិសេសកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅពេលជួបគ្រោះថ្នាក់ផ្សេងៗដោយគ្មានការរើសអើងអ្វីឡើយ»។ ការងារមនុស្សធម៌នេះគឺអនុវត្តជាប់ជាប្រចាំ ស្របតាមទស្សនៈ «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

ក្នុងនាមអាជ្ញាធរមូលដ្ឋាន លោក កែវ តារារស្មី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម អ៊ុ រាត្រី និងសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលបានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់មកលើសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងស្រុកអូរជ្រៅ ជាពិសេសនៅពេលដែលពួកគាត់កំពុងជួបការលំបាកក្នុងជីវភាព។ លោកបានគូសបញ្ជាក់ថា៖ «អំណោយទាំងនេះមិនត្រឹមតែជាសម្ភារៈជួយសម្រាលបន្ទុកនោះទេ តែជាកម្លាំងចិត្តដ៏ធំធេង ដែលបង្ហាញពីភាពកក់ក្តៅរបស់ថ្នាក់ដឹកនាំចំពោះប្រជាពលរដ្ឋ»។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យចេះប្រើប្រាស់អំណោយដែលទទួលបានឱ្យចំគោលដៅ និងបន្តចូលរួមសហការជាមួយអាជ្ញាធរក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន។

ទន្ទឹមនឹងការចែកអំណោយ ឯកឧត្តម អ៊ុ រាត្រី ក៏បានឆ្លៀតក្រើនរំលឹកដល់ពលរដ្ឋទាំងអស់ឱ្យចេះ ថែរក្សាសុខភាព និងរស់នៅឱ្យបានល្អប្រសើរក្នុង រដូវវស្សា នេះ ដើម្បីជៀសវាងពីជំងឺរាតត្បាតផ្សេងៗ ជាពិសេសជំងឺគ្រុនឈាម និងជំងឺផ្សេងៗដែលកើតឡើងដោយសារអនាម័យមិនគ្រប់គ្រាន់។ ឯកឧត្តមបានជំរុញឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តន៍គោលការណ៍ «៣ កុំ ៣ ការពារ» ដើម្បីទប់ស្កាត់ជំងឺផ្សេងៗផងដែរ។
បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញមកទទួលអំណោយក្នុងថ្ងៃនេះ បានសម្តែងនូវក្តីរំភើប និងការដឹងគុណយ៉ាងខ្លាំងចំពោះសកម្មភាពមនុស្សធម៌នេះ។ អ្នកស្រី យឿន ស្រីនិច អាយុ៤៥ឆ្នាំ រស់នៅភូមិសិលាខ្មែរ បានលើកឡើងថា«ខ្ញុំពិតជាអរគុណដល់កាកបាទក្រហមណាស់! អំណោយអង្ករ និងគ្រឿងឧបភោគបរិភោគទាំងនេះ ពិតជាបានជួយសម្រាលការលំបាករបស់គ្រួសារខ្ញុំបានមួយគ្រា ព្រោះការរកស៊ីក្នុងរដូវវស្សានេះពិបាកណាស់។ នេះបង្ហាញឱ្យឃើញថា ថ្នាក់ដឹកនាំមិនដែលបំភ្លេចពួកខ្ញុំទេ»។
ចំណែកលោក ណាត សុខុម អាយុ៥៧ឆ្នាំ មកពីភូមិទំនប់ដាច់ ក៏បានថ្លែងអំណរគុណយ៉ាងដូច្នេះដែរថា«ខ្ញុំសូមបួងសួងឱ្យថ្នាក់ដឹកនាំទាំងអស់ មានសុខភាពល្អ និងបានបន្តជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាកបន្តទៀត។ នេះជាកម្លាំងចលករដ៏សំខាន់សម្រាប់ពួកខ្ញុំក្នុងការបន្តជីវិតរស់នៅប្រចាំថ្ងៃ»៕
ដោយ ឈុន សារ៉ាត





