៨ខែ ឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរជាតិ១៧,២៨លាននាក់ កើនឡើង៥២,៨ភាគរយ និងទេសចរអន្តរជាតិ៤,០៥លាននាក់ ថយចុះ៨,៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤
AKP ភ្នំពេញ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម នួន សុមេធ រដ្ឋលេខាធិការក្រសួងទេសចរណ៍បានថ្លែងថា កាលពីឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន៦,៧លាននាក់កើនឡើង ២២,៩ភាគរយ ធៀបនឹងឆ្នាំ២០២៣ និងទេសចរជាតិមានចំនួន២២,៥២លាននាក់ កើនឡើង២០.១ភាគរយ។ ដោយឡែកសម្រាប់រយៈពេល៨ខែ ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានទេសចរជាតិចំនួន១៧,២៨លាននាក់ កើនឡើង៥២,៨ភាគរយ និងទេសចរអន្តរជាតិមានចំនួន៤,០៥លាននាក់ ថយចុះ៨,៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។ ការថ្លែងឱ្យដឹងយ៉ាងដូច្នេះរបស់ឯកឧត្តម នួន សុមេធ ធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចទេសចរណ៍សម្រាប់ឆ្នាំ២០២៥ ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ នាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ។

ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ទេសចរណ៍កម្ពុជាគឺជាទេសចរណ៍វប្បធម៌ និងធម្មជាតិ។ កន្លងមកក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាបានចាត់ទុកវិស័យទេសចរណ៍ជា “មាសបៃតង” និង “ជាការនាំចេញនៅនឹងកន្លែង” បន្តមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តដាក់ចេញនូវវិធានការ សង្គមសេដ្ឋកិច្ចដទៃទៀត សំដៅរក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញបង្កើនផលវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងនោះការងើបឡើងវិញនៃវិស័យទេសចរណ៍ក៏បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការស្តារសេដ្ឋកិច្ចជាតិ។

ឯកឧត្តមបានបន្តថា ក្រសួងបានដាក់ចេញនូវទិសដៅសម្រាប់កំណើនទេសចរ ហើយដើម្បីសម្រេចបានទិសដៅនេះក្រសួងទេសចរណ៍បានដាក់ចេញនូវសសរស្ដម្ភនៃកិច្ចសហប្រតិបត្តិការទាំង៦ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល រួមមាន៖ ១. កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទជាមួយក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ២. កិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ៣. កិច្ចសហប្រតិបត្តិការជាមួយដៃគូឯកជនទាំងក្នុង និងក្រៅប្រទេស ៤. កិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិ ៥. កិច្ចសហប្រតិបត្តិការជាមួយសារព័ត៌មានជាតិ និងអន្តរជាតិ និងអ្នកផលិតមាតិកាព័ត៌មាន (influencer) និង៦. ការចូលរួមពីរូបវន្តម្នាក់ៗ “បុគ្គលម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់”។ លើសពីនេះ ក្នុងនាមជាមហាគ្រួសារទេសចរណ៍ យើងទាំងអស់គ្នាត្រូវចូលរួមផ្សព្វផ្សាយទេសចរណ៍កម្ពុជាឱ្យបានទូលំទូលាយ តាមទិសស្លោកដែលដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នប្រប្រធានព្រឹទ្ធសភា “យើងទាំងអស់គ្នាដើម្បី ទេសចរណ៍ ទេសចរណ៍ដើម្បីយើងទាំងអស់គ្នា” សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី “ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព” ក្រសួងទេសចរណ៍ “បុគ្គលម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់”។

ដោយឡែកចំពោះការរៀបចំសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចទេសចរណ៍សម្រាប់ឆ្នាំ២០២៥នាពេលនេះ ឯកឧត្តម នួន សុមេធ បានគូសបញ្ជាក់ថា ពិតជាមានគោលបំណង និងសារៈសំខាន់ក្នុងការរួមចំណែកពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចទេសចរណ៍ ដើម្បីអនុវត្តមុខងារប្រកបដោយស្មារតីទទួលខុសត្រូវ និងកាន់តែមានប្រសិទ្ធភាព៕
ដោយ៖ ចាន់ សុភឿន រូបថត៖ សួស សាវី





