ខេត្តកំពង់ស្ពឺបានរៀបចំប្រារព្វពិធីទិវាអន្តរជាតិជនជាតិដើមភាគតិចនៅស្រុកឱរ៉ាល់
AKP កំពង់ស្ពឺ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥-- ការិយាល័យអភិវឌ្ឍន៍ជនជាតិភាគតិចនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ សហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច នៃក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលស្រុកឱរ៉ាល់ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានរៀបចំប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣១ និងលើកទី២១ នៅកម្ពុជា ក្រោមប្រធានបទ ការការពារសិទ្ធិ និងតម្រង់ទិសអនាគតជនជាតិដើមភាគតិច ក្នុងបរិបទបរិវត្តកម្មឌីជីថល ក្នុងគោលបំណងអភិរក្សវប្បធម៌ប្រពៃណី ទំនៀមទំលាប់ របស់បងប្អូនជនជាតិដើមភាគតិចសួយ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោក ទូច ប៉ អនុប្រធាននាយកដ្ឋាន និងលោក ប៉ុក ចាន់ថន អនុប្រធានមន្ទីរ និងមានការអញ្ជើញចូលរួមពី លោកអភិបាលរងស្រុកឳរ៉ាល់ លោកមេឃុំសង្កែសាទប សហគមន៏ត្រពាំងជោរ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនសហគមន៍ជនជាតិដើមភាគតិចសួយ សរុប២៦០នាក់ (ស្រី១០៦នាក់) ដែលប្រព្រឹត្តទៅនៅសាលាឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា បានធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានាដែលយើងទទួលបានកន្លងមក ទាក់ទងនឹងការអភិវឌ្ឍក៏ដូចជាការអភិរក្ស របស់បងប្អូនជនជាតិភាគតិចនាពេលកន្លងមក។ មួយវិញទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិចនៅកម្ពុជា មានភាពរីកចម្រើននិងកាន់តែប្រសើរឡើង ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច។ ទន្ទឹមនឹងនេះ បងប្អូនជនជាតិដើមភាគតិច ទទួលបានការការពារ និងលើក តម្កើងសិទ្ធិសេរីភាព ក៏ដូចជាបន្តថែរក្សាទាំងវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿនិងភាសាផងដែរ។

ជាមួយគ្នានេះដែរ បណ្ឌិតអភិបាលរងខេត្តក៏បានកត់សម្គាល់ និងកោតសរសើរ ចំពោះការរីកចម្រើន និងសមិទ្ធផលនានាដែលខេត្តកំពង់ស្ពឺសម្រេចបាននាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ ផ្នែកសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ដែលធ្វើឱ្យកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ហើយរបៀបរស់នៅក៏កាន់តែមានភាពស៊ីវិល័យ។រាជរដ្ឋាភិបាលដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិត បាននាំមកនូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍពាសពេញផ្ទៃប្រទេស និងបន្តអនុវត្តនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ស្របតាម រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ រាជរដ្ឋាភិបាលបាន និងកំពុងបន្តខិតខំប្រឹងប្រែង បង្កើនវឌ្ឍនភាពបន្ថែមទៀត ដើម្បីឈានឆ្ពោះទៅសម្រេចទិសដៅដ៏មហិច្ឆតាក្នុងការប្រែក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ក្នុងឱកាសនោះ លោក ទូច ប៉ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិចនៃក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ទិវាអន្ដរជាតិជនជាតិដើមភាគតិចសម្រាប់ឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «ការការពារសិទ្ធិនិងតម្រង់ទិសអនាគតជនជាតិដើមភាគតិចក្នុងបរិបទបរិវត្តកម្មឌីជីថល"និងមានគោលបំណងសំខាន់ៗចំនួន៣៖ ១. ចូលរួមលើកកម្ពស់តម្លៃវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ភាសា ជំនឿ និងសាសនាដ៏ល្អរបស់ជនជាតិដើមភាគតិច។ ២. ជំរុញឱ្យមានការចូលរួមពេញលេញ និងមានប្រសិទ្ធភាពពីសំណាក់ជនជាតិដើមភាគតិច ក្នុងការធ្វើសេចក្ដីសម្រេចចិត្ត និងលើកកម្ពស់ការអនុវត្តក្របខណ្ឌច្បាប់ជាតិ និងអន្ដរជាតិ និង៣. ចូលរួមអបអរសាទរ ជាមួយជនជាតិដើមភាគតិចពិភពលោក ដែលបានដាក់ចេញដោយមហាសន្និបាត អង្គការសហប្រជាជាតិ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៩៣ បានប្រកាសជាផ្លូវការសម្រេចឱ្យមានទិវានេះនៅថ្ងៃទី០៩ ខែសីហា ជារៀងរាល់ឆ្នាំ។

លោកបានបន្តថា បច្ចុប្បន្ន ក្រសួងអភិវឌ្ឍន៍ជនបទបានចេញលិខិតទទួលស្គាល់អត្តសញ្ញាណសហគមន៍ ជនជាតិដើមភាគតិចបានចំនួន ១៧៧ភូមិ និងរៀបចំបទបញ្ជាផ្ទៃក្នុងសម្រាប់ជនជាតិដើមភាគតិច បាន៩៨សហគមន៍ នៅខេត្តក្រចេះ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ កំពង់ស្ពឺ បាត់ដំបង ពោធិ៍សាត់ ព្រះសីហនុ និងខេត្តកោះកុង។ ជនជាតិដើមភាគតិចនៅព្រះរាជាណាចក្រកម្ពុជា មានប្រមាណជាង១,៤ភាគរយនៃប្រជាជនសរុប និងរស់នៅក្នុង១៥ខេត្ត ភាគច្រើនរស់នៅខេត្តភូមិភាគឦសាននៃប្រទេស ដូចជា ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំ ដែលមានប្រមាណ២៤ក្រុម និងមានប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ របៀបរស់នៅ និងប្រើប្រាស់ភាសាខុសៗគ្នា៕
ដោយ លឹម សាន្ត





