រដ្ឋបាលខេត្តកំពង់ឆ្នាំងសិក្ខាសាលាផ្សព្វផ្សាយសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨)
AKP កំពង់ឆ្នាំង ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥-- លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងការបង្ហាញអំពីតម្រូវការអភិវឌ្ឍមូលដ្ឋានសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) សម្របសម្រួលបន្សំនូវតម្រូវការអភិវឌ្ឍន៍ទាំងនេះជាមួយគម្រោង និងធនធានរបស់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តប្រកបដោយប្រសិទ្ធភាព សិក្ខាសាលានេះធ្វើនៅសាលាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក ថ្នាក់ដឹកនាំមន្រ្តីរាជការមន្ទីរផែនការ ថ្នាក់ដឹនាំមន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំការិយាល័យអង្គភាពចំណុះរដ្ឋបាលស្រុក មេឃុំក្នុងស្រុក អង្គការសមាគមន៍ និង ដៃគូអភិវឌ្ឍន៍នានាផងដែរ។

ក្នុងឱកាសនោះ លោក អម សុភា បានមានប្រសាសន៍ថា កម្មវិធីវិនិយោគ៣ឆ្នាំ រំកិលមានសារៈសំខាន់ណាស់សម្រាប់គ្រប់អង្គភាព ស្ថាប័ន ដើម្បីបំប្លែងគោលដៅក្នុងក្របខ័ណ្ឌអភិវឌ្ឍ ផែនការអភិវឌ្ឍខេត្តឱ្យទៅជាគម្រោងសកម្មភាព ឬសេវាជាក់ស្តែងសំដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង ក្រុង ស្រុក ឃុំសង្កាត់ សម្រាប់បីឆ្នាំរំកិល និងធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។

ទន្ទឹមនឹងនោះ លោកបានមានប្រសាសន៍បន្តថា ក្របខ័ណ្ឌគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានកិតិ្តយុត្ត ត្រូវបានរៀបចំឡើងដោយផ្អែកលើ ឧបករណ៍ជាមូលដ្ឋាន យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ (២០២៦-២០២៨) ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អនុក្រឹត្យប្រកាសអន្តរក្រសួងគោលការណ៍ណែនាំផ្នែកគោលនយោបាយសម្រាប់ការកសាងផែនការអភិវឌ្ឍន៍៥ឆ្នាំ របស់ក្រុមប្រឹក្សាខេត្តឯកសារស្ថានភាពខេត្តកំពង់ឆ្នាំង ផែនការគ្រប់គ្រងចំណូលចំណាយថវិការរបស់រដ្ឋបាលខេត្ត និងលិខិតបទដ្ឋានកិត្តិយុត្តនានាជាមូលដ្ឋាន។

ជាមួយគ្នានេះ លោកអភិបាលរងបានបន្ថែមទៀតថា កម្មវិធីវិនិយោគជាឧបករណ៍សំខាន់សម្រាប់បង្ហាញនូវគម្រោងសកម្មភាព ឬសេវាអាទិភាពនានារបស់ខេត្តដល់ដៃគូពាក់ព័ន្ធទាំងទីភ្នាក់ងាររដ្ឋ អង្គការសង្គមស៊ីវិល ផ្នែកឯកជន សប្បុរសជន និងប្រជាពលរដ្ឋ ដើម្បីកៀរគរធនធានចូលរួមផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍន៍មូលដ្ចានទៅតាមជំហាននីមួយៗដែលបានអនុវត្តកន្លងមកទាមទារឱ្យមានការចូលរួមពិនិត្យ ពិភាក្សា និងកែសម្រួលក្នុងកិច្ចប្រជុំក្រុមការងារ ដើម្បីអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចម្រើនស្របតាមក្របខ័ណ្ឌនិងពេលវេលា៕

ដោយ បៃ ស៊ីថុន





