ឯកឧត្ដម អ៊ុន ចាន់ដា ជួបសំណេះសំណាលសិស្សជាប់និទ្ទេសA និងសិស្សមានពិការភាពនៃវិទ្យាល័យអប់រំពិសេស
AKP កំពង់ចាម ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានធ្វើការជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេសA ចំនួន២៦នាក់ និងសិស្សមានពិការភាពនៃវិទ្យាល័យអប់រំពិសេសចំនួន៦នាក់ ដែលបានប្រឡងជាប់បាក់ឌុបនៅក្នុងក្រុងខេត្តកំពង់ចាម។

ឯកឧត្ដមអភិបាលខេត្តបានលើកឡើងថា ក្មួយៗពិតជាទំពាំងស្នងឫស្សី និងជាយុវជនបន្តវេន នាថ្ងៃអនាគត។ ក្នុងរយៈពេល១២ឆ្នាំកន្លងមក ក្មួយៗបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្ររហូតខ្លួនទទួលបានជោគជ័យក្នុងជីវិតដោយទទួលបាននិទ្ទេសA នឹងបានបន្តការបោះជំហានទទួលបានជ័យជម្នះ១កម្រិត និងបន្តទៅសម្រេច ជោគជ័យមួយកម្រិតទៀតគឺការសិក្សានៅកម្រិតឧត្តមសិក្សា និងការបញ្ចប់ការសិក្សា ទទួលការងារធ្វើល្អ ដែលខ្លួនពេញចិត្ត សម្រាប់អនាគតរបស់ខ្លួន។ ចូរក្មួយៗធ្វើខ្លួនឱ្យបានល្អប្រសើរ និងប្រកាន់នូវគោលជំហររឹងមាំ ដើម្បីជាសសរទ្រូងសម្រាប់គ្រួសារ និងសង្គមជាតិ ជាពិសេសត្រូវចាប់យកជំនាញអ្វីមួយឱ្យបានច្បាស់លាស់ ជ័យលាភីលើកនេះ គឺជាការបោះជំហានទទួលបានជ័យជម្នះ១កម្រិត និងបន្តការបោះជំហាន ទៅបន្តការសិក្សានៅកម្រិតឧត្តមសិក្សា និងក្រោយបញ្ចប់ការសិក្សា មានការងារធ្វើល្អ ដែលខ្លួនពេញចិត្ត ដើម្បីយកមកជួយអភិវឌ្ឍន៍ដលើក្រុមគ្រួសារ សហគមន៍ និងប្រទេសជាតិរបស់យើង។

ជាការលើកទឹកចិត្ត ដើម្បីឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងសិក្សាសិស្សានុសិស្ស ក្នុងរយៈពេល១២ឆ្នាំកន្លងមក ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានផ្តល់ដល់សិស្សនិទ្ទេសA ចំនួន២៦នាក់ផ្ដល់រង្វាន់ ក្នុងម្នាក់ៗទទួលបានកុំព្យូទ័រម្នាក់មួយគ្រឿង និងថវិកាម្នាក់១លានរៀល សម្ភារសិក្សា និងអាហារូបករណ៍សិក្សាចំនួន០៦កន្លែង។ ចំពោះ សិស្សមានពិការភាពនៃវិទ្យាល័យអប់រំពិសេស ដែលជាប់បាក់ឌុបចំនួន៦នាក់ ក្នុង០១នាក់ ទទួលបានកុំព្យូទ័រមួយគ្រឿង ថវិកា២លានរៀល សម្ភារសិក្សា និងអាហារូបករណ៍ចំនួន០១កន្លែងផងដែរ។

តាមការបញ្ជាក់របស់លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥នេះ សម្រាប់ខេត្តកំពង់ចាមមានបេក្ខជន សរុបចំនួន ៩,៣៥៦១នាក់ លទ្ធផលមានបេក្ខជនប្រឡងជាប់ ចំនួន ៧៧៥០នាក់ ស្មើនឹង ៨២,៨២% និងមានបេក្ខជននិន្ទេស A ចំនួន ១៤១នាក់ ក្នុងនោះស្រី៦៨នាក់៕

ដោយ ឆាយ ម៉ុត





