ឯកឧត្ដម អ៊ុន ចាន់ដា ណែនាំដល់គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់របស់ខេត្ត ត្រូវបន្តពង្រឹងការសន្តិសុខសណ្តាប់ធ្នាប់សាធារណៈឱ្យល្អថែមទៀត
AKP កំពង់ចាម ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥-- ថ្លែងក្នុងកិច្ចដឹកនាំប្រជុំគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានធ្វើការណែនាំដល់គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ ក្រុង ស្រុក របស់ខេត្ត ត្រូវបន្តពង្រឹងការសន្តិសុខសណ្តាប់ធ្នាប់សាធារណៈឲ្យល្អថែមទៀតដើម្បី ភាពសុខសាន្តរបស់ប្រជាពលរដ្ឋរស់នៅក្រោមដំបូលសុខសន្តិភាពពិសេសគឺបន្តការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាពដែលជាមូលដ្ឋានគ្រឹះនៃសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងត្រូវយកចិត្តទុកដាក់លើទប់ស្កាត់ការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ គ្រឿងញៀន ក្រុមបងតូចបងធំនិងច្បាប់ចរាចរណ៍ផងដែរ។

ឯកឧត្តមអភិបាលខេត្តក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃគណៈបញ្ជាការឯកភាព ក្រុង ស្រុក ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុង ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈបាន ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ធានាបានសន្តិសុខសណ្តាប់ធ្នាប់បានល្អធ្វើឱ្យប្រជាពលរដ្ឋមានការពេញចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ទោះបីជានៅតាមព្រំដែនកម្ពុជា-ថៃ មានការឈ្លានពានទឹកដីពីសំណាក់ទាហានថៃ ក៏យើងនូវរក្សាបានសុខសន្តិភាពជូនប្រជាពលរដ្ឋ ក្នុងការគោរពប្រណិប័តបុណ្យទានប្រពៃណីយើងបានល្អ។

ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការព្រមានចាត់វិធានការចំពោះអាជីវករដំឡើងថ្លៃលក់ដូរតាមរមណីយដ្ឋាននានា នៅពេលពិធីបុណ្យជាតិព្រោះ រឿងនេះកើតឡើងដដែលៗ អំពីតម្លៃទំនិញមុខម្ហូម អាហារ នៅតាមរមណីដ្ឋាននានា ក្នុងខេត្តកំពង់ចាម ជាពិសេសគឺនៅរមណីយដ្ឋានទឹកឆាតែម្ដង អាជីវករ តាមតូបលក់ដូរមួយចំនួនតូច នៅតែដំឡើងថ្លៃទំនិញ និងម្ហូបអាហារ នៅថ្ងៃ ឈប់សម្រាកនិងមានពិធីបុណ្យជាតិ បើទោះបីមានការណែនាំជាច្រើនលើកច្រើនសារក៏ដោយទង្វើបែបនេះគឺធ្វើឱ្យបាត់បង់នូវភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអញ្ជើញមកលេងកម្សាន្ត នៅរមណីយដ្ឋាននានាក្នុងខេត្តកំពង់ចាម និងប៉ះពាល់ដល់កិត្តិយសមុខមាត់ខេត្តរបស់យើងទាំងមូលផងដែរ។ ក្នុងករណីណែនាំនៅតែមិនស្ដាប់ គឺត្រូវបណ្ដេញចេញ មិនអនុញ្ញាតឱ្យប្រកបអាជីវកម្មលក់ដូរនៅក្នុងបរិវេណរមណីយដ្ឋាននោះទៀតឡើយ៕


ដោយ ឆាយ ម៉ុត





