នគរបាលខេត្តបន្ទាយមានជ័យដឹកជញ្ជូនពលរដ្ឋខ្មែរ១៩នាក់ត្រឡប់ពីថៃទៅដល់លំនៅឋានដោយសុវត្ថិភាព
AKP បន្ទាយមានជ័យ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥-- អាជ្ញាធរសមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានបន្តសកម្មភាពមនុស្សធម៌របស់ខ្លួន ដោយបានប្រើប្រាស់រថយន្តចំនួន០២គ្រឿង ដឹកជញ្ជូនពលរដ្ឋខ្មែរចំនួន១៩នាក់ ដែលវិលត្រឡប់មកពីប្រទេសថៃ ទៅកាន់លំនៅឋានរបស់ពួកគេប្រកបដោយសុវត្ថិភាព ទោះបីជាចំនួនពលរដ្ឋមានតិចតួចក៏ដោយកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ។ ប្រតិបត្តិការនេះធ្វើឡើងតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

នៅថ្ងៃដដែលនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំង លោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ផែនការងារកិច្ចការប៉ុស្តិ៍ ដឹកនាំកម្លាំងនគរបាលចំនួន១៥នាក់ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ និងស្ថាប័នពាក់ព័ន្ធ ចុះជួយសម្របសម្រួលដល់ការឆ្លងដែនរបស់ពលរដ្ឋខ្មែរនៅតាម ច្រកអន្តរជាតិដូង ខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ត្រី យ៉ត សុផល បានបញ្ជាក់ថា ការជួយសម្រួលដល់ពលករទាំងនេះ គឺជា កាតព្វកិច្ច និងការទទួលខុសត្រូវរបស់អាជ្ញាធរ ដើម្បីធានាថាពួកគេអាចធ្វើដំណើរទៅដល់ផ្ទះសម្បែងដោយសុវត្ថិភាព។

ជាលទ្ធផលនៃការដឹកជញ្ជូនគិតចាប់ពីម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង៤៖០០នាទីល្ងាច នៃថ្ងៃទី៣០ ខែកញ្ញា ពលរដ្ឋខ្មែរដែលវិលត្រឡប់មកវិញសរុបមាន១៩នាក់ (ស្រី ១០នាក់)។ កម្លាំងនគរបាលបានប្រើប្រាស់រថយន្ត០២គ្រឿង ដឹកជញ្ជូនពលរដ្ឋទាំងនោះទៅកាន់បណ្តាខេត្ត/ក្រុងនានារួមមាន៖ ខេត្តបន្ទាយមានជ័យ ១១នាក់ (ស្រី ០៦នាក់) ខេត្តបាត់ដំបង ០៣នាក់ (ស្រី ០១នាក់) ខេត្តឧត្តរមានជ័យ ០២នាក់ (ស្រី ០១នាក់) ខេត្តកំពង់ធំ ០១នាក់ (ស្រី) ក្រុងសៀមរាប ០២នាក់ (ស្រី ០១នាក់)។
ពលករខ្មែរជាច្រើនដែលបានវិលត្រឡប់មកវិញបានបង្ហាញការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរ និងសមត្ថកិច្ចដែលបានជួយសម្រួលដល់ពួកគេ និងបានលើកឡើងថា អាជ្ញាធរបានយកចិត្តទុកដាក់តាំងពីនៅច្រកព្រំដែន រហូតដល់ការ ដឹកជញ្ជូនទៅផ្ទះដោយឥតគិតថ្លៃ និងសុវត្ថិភាព។ ក្រៅពីនេះ ពួកគេក៏បានថ្លែងអំណរគុណចំពោះក្រុមការងារដែលបានជួយផ្តល់ព័ត៌មានអំពីឱកាសការងារនៅក្នុងប្រទេសកម្ពុជាផងដែរ៕
ដោយ ឈុន សារ៉ាត





