ស្លាប់ ១០នាក់ និងរបួស ៣០នាក់ក្នុងការវាយប្រហារមួយនៅប្រទេសប៉ាគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីសុខាភិបាលខេត្តបាកត៍ លោក មូហាមម៉ាដ កាការ (Muhammad Kakar) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា មនុស្ស ១០នាក់បានស្លាប់ និង ៣០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារមួយសំដៅលើទីស្នាក់ការកណ្តាលរបស់កងកម្លាំងប៉ារ៉ាក្នុងខេត្តបាឡូជីស្ថាន ភាគនិរតីនៃប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអង្គារ។
ការវាយប្រហារនេះបានកើតឡើងនៅក្នុងទីក្រុងកេតតា នៅម៉ោងប្រហែល ១១:៣០នាទីព្រឹក (ម៉ោងក្នុងស្រុក) នៅពេលដែលភេរវករបានបើករថយន្តផ្ទុកសារធាតុផ្ទុះទៅបុកជញ្ជាំងខាងក្រៅនៃទីស្នាក់ការ Frontier Corps (FC) ខណៈដែលបក្ខពួក ៤នាក់ដែលពាក់ឯកសណ្ឋាន FC បានដើរចូលទៅក្នុងអគារ។
ប្រភពបានបន្ថែមថា បន្ទាប់ពីបានជ្រៀតចូលទៅក្នុងបរិវេណនោះ អ្នកវាយប្រហារត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងសន្តិសុខក្នុងសកម្មភាពសងសឹកយ៉ាងឆាប់រហ័ស ហើយសាកសពរបស់ពួកគេត្រូវបាននាំយកទៅរក្សាទុកសម្រាប់ការស៊ើបអង្កេត។
លោក មូហាម៉ាដ ហ្សេសាន (Muhammad Zeeshan) អ្នកគ្រប់គ្រងប្រតិបត្តិការនៃមូលនិធិ Edhi ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយនៅក្នុងទីក្រុងកេតតា បានប្រាប់សារព័ត៌មាន Xinhua ថា អ្នកស្លាប់រួមមានជនស៊ីវិល៧នាក់ និងសន្តិសុខ ៣នាក់ ហើយសន្តិសុខ ៩នាក់រួមទាំងមន្រ្តីម្នាក់ក្នុងចំណោមនោះរងរបួស។
លោកបានបន្ថែមថា រថយន្តក្រុង និងរ៉ឺម៉កមួយគ្រឿងបានឆ្លងកាត់ការដ្ឋាននៅពេលមានការផ្ទុះ ហើយអ្នកស្លាប់ និងរបួសភាគច្រើនគឺជាអ្នកដំណើរនៅលើរថយន្ត។ លោកបានបន្ដថា អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យស៊ីវិលក្នុងទីក្រុងកេតតា ជាកន្លែងដែលអ្នករបួសជាច្រើននាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
លោក វ៉ាស៊ីម ប៊េហ្គ (Waseem Baig) អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលបានប្រាប់សារព័ត៌មាន Xinhua ថា ស្ថានភាពអាសន្នត្រូវបានប្រកាសនៅក្នុងមន្ទីរពេទ្យធំៗទាំងអស់នៃទីក្រុងហើយបុគ្គលិកពេទ្យមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីដោះស្រាយស្ថានភាពនេះ។
នាយករដ្ឋមន្ត្រី លោក សេហ៍បាហ្ស សារីហ្វ (Shehbaz Sharif) បានថ្កោលទោសការវាយប្រហារនេះ ហើយបាននិយាយថា ភេរវករដែលប៉ុនប៉ងធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់ និងធ្វើឱ្យខូចដល់បូរណភាពរបស់ប្រទេសនឹងត្រូវថ្កោលទោសយ៉ាងម៉ឺងម៉ាត់៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





