អភិបាលខេត្តកំពង់ចាមផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេសA ចំនួន ២៦នាក់ សិស្សមានពិការភាព និងសិស្សកំព្រាចំនួន ៧នាក់ នៅក្នុងក្រុងកំពង់ចាម
AKP ភ្នំពេញ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥–ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានផ្តល់កុំព្យូទ័រយួរដៃ ថវិកា និងសម្ភារសិក្សាមួយចំនួនដល់សិស្សប្រឡងជាប់និទ្ទេសA ចំនួន ២៦នាក់ និងឧបត្ថម្ភដល់សិស្សមានពិការភាពនៃវិទ្យាល័យអប់រំពិសេស ព្រមទាំងសិស្សក្នុងមជ្ឈមណ្ឌលកុមាកំព្រា ដែលប្រឡងជាប់បាក់ឌុបសរុបចំនួន ៧នាក់នៅក្នុងក្រុងកំពង់ចាម។

ថ្លែងក្នុងពិធីនេះកាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា នេះគឺជាការលើកទឹកចិត្ត ដើម្បីឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងសិក្សារបស់ក្មួយៗក្នុងរយៈពេល១២ឆ្នាំកន្លងមក ហើយនៅពេលខាងមុខនេះក្មួយៗនឹងទទួលបានការអនុញ្ញាតពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាឱ្យបានចូលជួបសំណេះសំណាលទៀតផង ដែលនេះគឺជាកិត្តិយសសម្រាប់ខ្លួនឯង និងមាតាបិតា ឬអាណាព្យាបាល ក៏ដូចជាលោកគ្រូ អ្នកគ្រូ នាយកសាលា និងជាកិត្តិយសសម្រាប់ខេត្តកំពង់ចាមទាំងមូលផងដែរ។

ឯកឧត្តម អ៊ុន ចាន់ដា បានឱ្យដឹងថា ចំពោះសិស្សនិទ្ទេស A ទាំង ២៦នាក់ ក្នុងម្នាក់ៗទទួលបានកុំព្យូទ័រយួរដៃ ១ គ្រឿង ថវិកាចំនួន ១លានរៀល និងសម្ភារសិក្សាមួយចំនួន។ រីឯសិស្សមានពិការភាពនៃវិទ្យាល័យអប់រំពិសេស ជាប់បាក់ឌុបចំនួន ៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២លានរៀល សម្ភារសិក្សាមួយចំនួន រួមនិងអាហារូបករណ៍។ ដោយឡែកចំពោះសិស្សក្នុងមជ្ឈមណ្ឌលកុមាកំព្រាចំនួន ១នាក់ទទួលបានកុំព្យូទ័រយួរដៃ ១គ្រឿង ថវិកា ១លានរៀល សម្ភារសិក្សាមួយចំនួន រួមនិងអាហារូបករណ៍។
ក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្តក៏បានឧបត្ថម្ភដល់សាលាវិទ្យាល័យទាំង៥ ក្នុងក្រុងកំពង់ចាម ដោយក្នុង ១វិទ្យាល័យទទួលបានថវិកាចំនួន ២លានរៀលផងដែរ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម)





