អ៊ីស្រាអែល និងកាតា ព្រមព្រៀងបង្កើតយន្តការសម្របសម្រួលត្រីភាគីជាមួយសហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ -- សេតវិមានបាននិយាយថានាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងនាយករដ្ឋមន្ត្រីកាតា លោក ស្សេក ម៉ូហាំម៉េដ ប៊ីន អាប់ឌុលរ៉ាម៉ាន់ អាល់ ថានី (Sheikh Mohammed bin Abdulrahman Al Thani) កាលពីថ្ងៃចន្ទ បានព្រមព្រៀងគ្នាទៅលើសំណើដែលដាក់ចេញដោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងការបង្កើតយន្តការសម្របសម្រួលត្រីភាគី។
សេចក្តីថ្លែងការណ៍មួយរបស់សេតវិមានបាននិយាយថា «ថ្ងៃនេះប្រធានាធិបតី លោក ដូណាល់ ជេ ត្រាំ (Donald J. Trump) បានរៀបចំកិច្ចសន្ទនាតាមទូរស័ព្ទត្រីភាគីមួយជាមួយលោកនាយករដ្ឋមន្រ្តី បេនចាមីន ណេតាន់យ៉ាហ៊ូ នៃអ៊ីស្រាអែល និងលោកនាយករដ្ឋមន្រ្តី ម៉ូហាំម៉េដ ប៊ីន អាប់ឌុលរ៉ាម៉ាន់ ប៊ីន ចាស់ស៊ីម អាល់ ថានី (Mohammed bin Abdulrahman bin Jassim Al Thani) នៃប្រទេសកាតា។ មេដឹកនាំទាំងនោះបានទទួលយកសំណើរបស់លោកប្រធានាធិបតីក្នុងការបង្កើតយន្តការត្រីភាគីដើម្បីបង្កើនការសម្របសម្រួល កែលម្អទំនាក់ទំនងដោះស្រាយការឈឺចាប់ទៅវិញទៅមក និងពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីការពារការគំរាមកំហែង»។
លោក ណេតាន់យ៉ាហ៊ូ ក៏បានសម្តែងការសោកស្តាយផងដែរក្នុងអំឡុងពេលដែលអ៊ីស្រាអែលបានរំលោភលើអធិបតេយ្យភាពរបស់កាតាដោយការវាយលុកក្រុមហាម៉ាស់នៅទីក្រុងដូហាកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ កន្លងមក៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ស្ពុតនីក)





