គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគទី៥កម្ពុជាយោធភូមិភាគទី១ថៃ (RBC) គ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥--
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថាគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគទី៥កម្ពុជានិងយោធភូមិភាគទី១ថៃ (RBC) គ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះ។

បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥បានឲ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ នៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពភូមិភាគទី១ នៃព្រះរាជាណាចក្រថៃ គ្រោងនឹងត្រូវធ្វើនៅក្នុងអំឡុងខែតុលាខាងមុខនេះ។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថាយោធភូមិភាគទី៥ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជូនលិខិតអញ្ជើញរួចហើយទៅកងទ័ពភូមិភាគទី១ នៃព្រះរាជាណាចក្រថៃ ដើម្បីជួបប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលគ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តបន្ទាយមានជ័យ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
លោកជំទាវអ្នកនាំពាក្យបានលើកឡើងថាកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នេះមានគោលបំណង ដើម្បីជំរុញការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕
ដោយ៖ ប៊ុនរិទ្ធ,ប្រភព៖ក្រសួងការពារជាតិ





