យ៉ាងហោចណាស់មនុស្ស ម្នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស ខណៈដែលអគារសិក្សាមួយនៅឥណ្ឌូណេស៊ីដួលរលំ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ -- មន្ត្រីក្នុងតំបន់បាននិយាយនៅថ្ងៃអង្គារនេះថា យ៉ាងហោចណាស់សិស្សម្នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីអគារនៅសាលាមួយបានដួលរលំនៅក្នុងខេត្តចាវ៉ាខាងកើតរបស់ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃចន្ទម្សិលមិញ។
ឧបទ្ទវហេតុនេះបានកើតឡើងនៅសាលាបង្រៀនសាសនាអ៊ីស្លាមអាល់ខូហ្ស៊ីនី (Al Khoziny Islamic) នៅក្នុងសង្កាត់ស៊ីដូអាចូ នៅពេលដែលអគារដែលស្ថិតក្រោមការជួសជុលដោយគ្មានការអនុញ្ញាតនេះបានដួលរលំភ្លាមៗក្នុងពេលអធិស្ឋានពេលរសៀល។ នេះបើយោងតាមលោក ណាណាង ស៊ីគីត (Nanang Sigit) ប្រធានការិយាល័យស្វែងរក និងជួយសង្គ្រោះស៊ូរ៉ាបាយ៉ា នៅក្នុងខេត្តចាវ៉ាខាងកើត បានប្រាប់សារព័ត៌មានស៊ីនហួ។
លោក ស៊ីគីត បាននិយាយថា «ក្រុមអ្នកជួយសង្គ្រោះអាចទាញយកជនរងគ្រោះដែលស្លាប់ម្នាក់ចេញ ហើយសិស្សានុសិស្សចំនួន ១០២នាក់ត្រូវបានជម្លៀសចេញពីការដួលរលំអាគារនោះ»។ លោកបានបន្ថែមថា ប្រតិបត្តិការស្វែងរកកំពុងបន្ត ខណៈដែលមនុស្សយ៉ាងតិច ៣៨នាក់ត្រូវបានគេគិតថាកំពុងជាប់នៅក្រោមគនរបាក់បែក។
ក្រុមអ្នកជួយសង្គ្រោះរាប់រយនាក់ជាមួយនឹងឧបករណ៍ធុនធ្ងន់មួយចំនួន ត្រូវបានដាក់ពង្រាយទៅកាន់ទីតាំងដើម្បីស្វែងរកអ្នកដែលនៅរស់រានមានជីវិត និងស្វែងរកសាកសព ខណៈដែលអាជ្ញាធរបានបើកការស៊ើបអង្កេតទៅលើមូលហេតុនៃការដួលរលំនេះ៕


ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ស៊ីនហួ)





