លោក ដូណាល់ ត្រាំ និយាយថា អ៊ីស្រាអែលយល់ព្រមចំពោះផែនការបទឈប់បាញ់នៅតំបន់ហ្គាហ្សា របស់សេតវិមាន
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ -- ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយកាលពីថ្ងៃចន្ទថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានយល់ព្រមទៅលើផែនការចំនួន២០ ដែលត្រូវបានស្នើឡើងដោយរដ្ឋបាលរបស់លោក ត្រាំ ក្នុងគោលបំណងបញ្ចប់ជម្លោះនៅតំបន់ហ្គាហ្សា បន្ទាប់ពីកិច្ចពិភាក្សារបស់ពួកគេនៅសេតវិមាន។
លោក ត្រាំ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមមួយនៅឯសេតវិមានថា «ខ្ញុំក៏ចង់អរគុណដល់លោកនាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ ផងដែរសម្រាប់ការយល់ព្រមចំពោះផែនការទាំងនេះ និងសម្រាប់ការជឿទុកចិត្តថា ប្រសិនបើយើងធ្វើការរួមគ្នា យើងអាចបញ្ចប់ករណីស្លាប់ និងការបំផ្លិចបំផ្លាញ ដែលយើងបានឃើញអស់រយៈពេលជាច្រើនឆ្នាំ រាប់ទសវត្សរ៍ រាប់សតវត្ស កន្លងមក ហើយចាប់ផ្តើមជំពូកថ្មីនៃសន្តិសុខ សន្តិភាព និងវិបុលភាពសម្រាប់តំបន់ទាំងមូល»។
លោក ត្រាំ ក៏បានអំពាវនាវឱ្យក្រុមហាម៉ាស់ទទួលយកលក្ខខណ្ឌនៃសំណើសន្តិភាពទាំងនោះផងដែរ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ស៊ីនហួ)





