ឥណ្ឌូណេស៊ី៖ សិស្សានុសិស្សជាច្រើននាក់ជាប់នៅក្នុងគំនរនៃអាគារសាលាអ៊ីស្លាមដែលបាក់រលំ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ -- សាលសម្រាប់បន់ស្រន់នៅជាន់ទី២ នៃសាលាបង្រៀនសាសនាឥស្លាមមួយនៅក្នុងទីក្រុងស៊ីដូអាចូ នៃខេត្តចាវ៉ាខាងកើតរបស់ប្រទេសឥណ្ឌូណេស៊ី បានបាក់រលំ ខណៈដែលសិស្សានុសិស្សជាង ១០០នាក់កំពុងធ្វើការបន់ស្រន់នៅទីនោះកាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។
ឧប្បត្តិហេតុដែលកើតឡើងនៅសាលាបង្រៀនសាសនាអ៊ីស្លាមអាល់ ខូហ្ស៊ីនី (Al Khoziny) នេះ បានកើតឡើងនៅវេលាម៉ោងប្រហែល ២:៤០នាទីរសៀល។
សាក្សីម្នាក់បានរៀបរាប់ថា សាលនេះមានសភាពញ័រមុនពេលបាក់រលំ។ សិស្សានុសិស្សខ្លះបានរត់គេចខ្លួន ខណៈដែលសិស្សានុសិស្សជាច្រើននាក់ទៀតជាប់គាំងនៅក្នុងគំនរបាក់បែក។
ក្រុមអ្នកជួយសង្គ្រោះ និងរថយន្តសង្គ្រោះរាប់សិបគ្រឿង ត្រូវបានដាក់ពង្រាយភ្លាមៗទៅកាន់កន្លែងកើតហេតុ ដើម្បីស្វែងរកជនរងគ្រោះ និងបញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យ និងគ្លីនិកដែលនៅជិតនោះ។
គិតត្រឹមល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ អាជ្ញាធរមូលដ្ឋានមិនទាន់បានប្រកាសជាផ្លូវការអំពីចំនួនអ្នកស្លាប់ និងរបួស ឬបញ្ជាក់ពីមូលហេតុពិតប្រាកដនៃការបាក់ស្រុតនោះនៅឡើយទេ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





