លោក ហ្សេលេនស្គី៖ អ៊ុយក្រែនត្រូវតែចូលរួមជាមួយសហភាពអឺរ៉ុប
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ -- ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បាននិយាយនៅឯវេទិកាសន្តិសុខនៅទីក្រុង Warsaw កាលពីថ្ងៃចន្ទថា ប្រទេសអ៊ុយក្រែនត្រូវតែចូលរួមជាមួយសហភាពអឺរ៉ុប ហើយកំពុងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីឆ្ពោះទៅរកការចូលជាសមាជិក។
លោក ហ្សេលេនស្គី បាននិយាយថា «អ៊ុយក្រែនត្រូវតែចូលរួមជាមួយសហភាពអឺរ៉ុប ហើយវានឹងកើតឡើង» ដោយលោកបាននិយាយបន្ថែមថា ទីក្រុងគៀវបានបំពេញកាតព្វកិច្ចរបស់ខ្លួនរួចហើយ។
លោកបានកត់សម្គាល់ថា «យើងកំពុងធ្វើអ្វីៗគ្រប់យ៉ាងដែលជាតម្រូវការ ហើយវាជារឿងសំខាន់ដែលការចូលជាសមាជិករបស់អ៊ុយក្រែនមិនត្រូវបានពន្យារពេលដោយនយោបាយជាតិរបស់ប្រទេសនេះ ឬប្រទេសនោះ ហើយអ្វីដែលយើងត្រូវជៀសវាងនោះ គឺការពឹងផ្អែកលើប្រទេសរុស្ស៊ី»។
អ៊ុយក្រែនបានដាក់ពាក្យសុំចូលជាសមាជិកសហភាពអឺរ៉ុបភ្លាមៗបន្ទាប់ពីការចាប់ផ្តើមសង្រ្គាមជាមួយរុស្ស៊ីកាលពីក្នុងខែកុម្ភៈ ឆ្នាំ២០២២។ នៅក្នុងខែធ្នូ ឆ្នាំ២០២៣ ក្រុមប្រឹក្សាអឺរ៉ុបបានយល់ព្រមបើកកិច្ចចរចា ស្តីពីការចូលជាសមាជិករបស់អ៊ុយក្រែន។
នៅខែមិថុនា ឆ្នាំ២០២៤ គណៈកម្មការអឺរ៉ុបបានផ្តល់ការវាយតម្លៃជាវិជ្ជមានទៅលើកំណែទម្រង់នៅអ៊ុយក្រែន និងនៅម៉ុលដាវ៉ា ដែលធ្វើឱ្យទីក្រុងព្រុចសែលអនុម័តទៅលើក្របខ័ណ្ឌសម្រាប់កិច្ចចរចាចូលជាសមាជិកភាពនេះ។
ទោះជាយ៉ាងណាក៏ដោយ ប្រទេសហុងគ្រី និងស្លូវ៉ាគីបានរារាំងចំពោះដំណើរការនេះ ដោយបង្កើនលក្ខខណ្ឌមួយចំនួន ដូចជាការបញ្ឈប់ការធ្វើវាយប្រហារទៅលើបំពង់បង្ហូរប្រេង Druzhba ដែលផ្គត់ផ្គង់ថាមពលរុស្ស៊ីជាដើម។
ក្រោយមក ប្រទេសលីទុយអានី បានស្នើផែនការចរចាដាច់ដោយឡែកមួយ ដែលនឹងឆ្លងកាត់ការជំទាស់របស់ទីក្រុងប៊ូដាប៉េស៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ AA-AKP)





