មនុស្ស ១២នាក់ស្លាប់ដោយសារព្យុះទីហ្វុងប៊ូឡូយនៅប្រទេសវៀតណាមដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ -- ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ព្យុះទីហ្វុងប៊ូឡូយ (Bualoi) បានបោកបក់នៅភាគខាងជើងប្រទេសវៀតណាមកាលពីព្រឹកថ្ងៃចន្ទ ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ ដែលបានបំផ្លាញផ្ទះសម្បែង និងសម្លាប់មនុស្សយ៉ាងហោចណាស់ ១២នាក់។
សារព័ត៌មានក្នុងស្រុក VnExpress បានរាយការណ៍ថា ជនរងគ្រោះចំនួន ០៩នាក់ត្រូវបានរាយការណ៍នៅភាគខាងជើងខេត្តនីញប៊ីញ ខណៈដែល ០៣នាក់ទៀតត្រូវបានរាយការណ៍នៅក្នុងទីក្រុងថាញ់ហាវ ទីក្រុងហ៊ូ និងទីក្រុងដាណាង។
អ្នកនេសាទចំនួន ១៧នាក់បានបាត់ខ្លួន បន្ទាប់ពីទូកនេសាទចំនួន ០៣គ្រឿងបានបាត់ទំនាក់ទំនង។
ទីភ្នាក់ងារឧតុនិយមជាតិបាននិយាយថា ហានិភ័យនៃភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងការបាក់ដីនៅតែមានកម្រិតខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
យ៉ាងហោចណាស់មនុស្សម្នាក់ត្រូវបានគេអះអាងថាបានស្លាប់បន្ទាប់ពីជាប់នៅក្នុងទឹកជំនន់នៅក្នុងទីក្រុងហ៊ូ ខណៈដែលអ្នកនេសាទចំនួន ១២នាក់កំពុងបាត់ខ្លួនបន្ទាប់ពីមានរលកដ៏ធំបានធ្វើឱ្យលិចទូកនេសាទចំនួន០៤ ដែលចេញពីខេត្តគ័ងទ្រី។
ព្យុះទីហ្វុងនេះបានបោកបក់លើខេត្តញ៉ែអានគិតត្រឹមម៉ោង ០៨:០០ព្រឹក (ម៉ោងក្នុងស្រុក) ជាមួយនឹងល្បឿនខ្យល់អតិបរមា ៨៨គីឡូម៉ែត្រក្នុងមួយម៉ោង ដែលថយចុះពីល្បឿន ១១៧គីឡូម៉ែត្រក្នុងមួយម៉ោង។
ទីភ្នាក់ងារអាកាសធាតុបានព្រមានថា មានហានិភ័យនៃគ្រោះទឹកជំនន់ដែលរីករាលដាលពីខេត្តថាញ់ហាវដល់ខេត្តហាទីញ និងហានិភ័យខ្ពស់នៃទឹកជំនន់ភ្លាមៗ និងការបាក់ដីនៅក្នុងឃុំមួយចំនួននៅភាគខាងលិចនៃខេត្តថាញ់ហាវ ខេត្តញ៉ែអាន និងខេត្តហាទីញ។
អាជ្ញាធរបានជម្លៀសប្រជាជនប្រមាណជិត ៣០.០០០នាក់ នៅមុនពេលមានព្យុះស៊ីក្លូន ខណៈដែលជើងហោះហើររាប់រយត្រូវបានលុបចោល ឬពន្យារពេល ហើយអាកាសយានដ្ឋានចំនួនបួននៅក្នុងក្នុងបណ្តាខេត្តភាគកណ្តាលត្រូវបានបិទ។
ការអភិវឌ្ឍរបស់ព្យុះប៊ូឡូយ ដែលត្រូវបានគេស្គាល់ផងដែរថាជា «ព្យុះទី១០» បានបង្ហាញថា នេះគឺជាព្យុះដែលមានចលនាលឿនបំផុតមិនធ្លាប់មាននៅក្នុងសមុទ្រខាងកើត៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ AA-AKP)





