ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក៖ ប្រជាការពារភូមិបានរួមចំណែកយ៉ាងច្រើននៅមូលដ្ឋាន
AKP សៀមរាប ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥-- ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះចៅអធិការវត្តប្រាសាទគោកចក នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ បាននិមន្តនាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចែកជូនដល់បងប្អូនប្រជាការពារចំនួន៤៣នាក់នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីជាការលើកទឹកចិត្តដល់បងប្អូន ដែលបានចូលរួមកាយលូ ស្តារប្រឡាយ និងប្រមូលសំរាម ដើម្បីរំដោះជំនន់ទឹកភ្លៀងក្នុងមូលដ្ឋានសង្កាត់គោចក។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន មានថេរដីកាថាការចែកជូនគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ នៅពេលនេះ គឺបង្ហាញពី ការយកចិត្តទុកដាក់និងការដឹងគុណរបស់ព្រះសង្ឃ និងអាជ្ញាធរមូលដ្ឋាន ជូនដល់កម្លាំងបងប្អូនប្រជាការពារដែលជាសសរស្តម្ភដ៏សំខាន់ ដែលបានលះបង់ទាំង កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា ដើម្បីចូលរួមធ្វើការកាយលូ ស្តារប្រឡាយរំដោះទឹក និងប្រមូលសំរាម ក្នុងពេលមានទឹកជំនន់ក្នុងភូមិសាស្ត្រសង្កាត់គោកចក។ ហើយការងារនេះបានជួយយ៉ាងច្រើនដល់សហគមន៍យើងទាំងមូល ដែលបង្ហាញពីស្មារតីស្នេហាជាតិ និងសាមគ្គីភាព ដ៏រឹងមាំនៅក្នុងមូលដ្ឋានយើងផងដែរ ។


លោក ហាយ យង់ អភិបាលរងក្រុងសៀមរាប បានថ្លែងនូវការកោតសរសើរនិងដឹងគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាការពារ ដែលបានបង្ហាញនូវស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមកសាង និងការពារមូលដ្ឋាន។ ហើយនេះគឺជាកិច្ចការមួយដ៏សំខាន់ដែលបានចូលរួមចំណែកដោយផ្ទាល់ក្នុងការ កាត់បន្ថយហានិភ័យនៃគ្រោះទឹកជំនន់ និងរក្សាបាននូវ សោភ័ណភាពអនាម័យ ក្នុងមូលដ្ឋានរបស់យើង៕
ដោយ ឃុត សៅ





