រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានប្រាប់ មហាសន្និបាត អ.ស.ប. ពីការវាយប្រហារឥតញញើត នាពេលថ្មីៗចុងក្រោយនេះរបស់ថៃ មកលើកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥–
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុង មហាសន្និបាត អ.ស.ប. លើកទី៨០ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់ មហាសន្និបាត អំពីការវាយ ប្រហារឥតញញើត នាពេលថ្មីចុងក្រោយនេះរបស់ថៃ មកលើកម្ពុជា ដែលបានកើតឡើងនៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានច្រានចោលទាំងស្រុងនូវការចោទប្រកាន់ថា កងកម្លាំងកម្ពុជាបានបើកការបាញ់ប្រហារមុន ដោយសង្កត់ធ្ងន់ថា កងទ័ពរបស់កម្ពុជាមិនធ្វើដូចការចោទប្រកាន់ ឬបានសងសឹកឡើយ ដែលនេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ ពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា ចំពោះសន្តិភាព។
គួរបញ្ជាក់ថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអ.ស.ប.លើកទី៨០ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣-២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុង ញូវយ៉ក ក្រោមមូលបទ «រួមគ្នាដើម្បីភាពប្រសើរឡើង៖ ៨០ឆ្នាំ និងច្រើនឆ្នាំទៀត ដើម្បីសន្តិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្ស»។
ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានរំលឹកពីប្រវត្តិសាស្ត្រដ៏ឈឺចាប់នៃសង្គ្រាម និងអំពើប្រល័យពូជសាសន៍របស់កម្ពុជា ដោយគូសបញ្ជាក់ពីការសម្រេចបានសន្តិភាព តាមរយៈគោលនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន ដែលបានក្លាយជាសសរគ្រឹះដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងវឌ្ឍនភាពលើ វិស័យសុខាភិបាល ការអប់រំ សមភាពយេនឌ័រ សិទ្ធិមនុស្ស សកម្មភាពអាកាសធាតុ និងការចូលរួមចំណែក ក្នុងប្រតិបត្តិការរក្សាសន្តិភាព។
ខណៈពេលដែលកម្ពុជាបានប្រែក្លាយពីប្រទេសដែលទទួល ទៅជាអ្នកផ្តល់សន្តិភាព និងស្ថេរភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីបារម្ភយ៉ាងជ្រាលជ្រៅចំពោះភាពតានតឹងដែលកំពុងបន្តនៅតាម ព្រំដែនជាមួយប្រទេសថៃ ដោយបានប្រកាសប្រឆាំងនឹងការរំលោភអធិបតេយ្យ និងអំពាវនាវឱ្យគោរពយ៉ាង ម៉ឺងម៉ាត់លើបទឈប់បាញ់ កិច្ចសន្ទនា និងដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាបាន អំពាវនាវឱ្យមានការគាំទ្រពីអាស៊ាន អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិឱ្យជួយបន្ធូរបន្ថយភាព តានតឹង និងស្តារឡើងវិញនូវជំនឿទុកចិត្តរវាងប្រទេសទាំងពីរ៕
ដោយ៖មករា





