ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានរួមចំណែកជួយពលរដ្ឋ ជាមួយរាជរដ្ឋាភិបាល
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានថ្លែងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តពិតជាបានរួមចំណែកជួយពលរដ្ឋជាមួយរាជរដ្ឋាភិបាល និងបានសម្រាលនូវតម្រូវការសេវាសុខភាពមួយចំនួនជូនប្រជាពលរដ្ឋផងដែរ។ ការកត់សម្គាល់របស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ធ្វើឡើងក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ជូនប្រជាពលរដ្ឋនៅស្រុកពោធិ៍រៀង ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។

ឯកឧត្តមអភិសន្តិបណ្ឌិតបានគូសបញ្ជាក់ថា ការថែទាំ និងពិនិត្យព្យាបាលសុខភាព គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា និងគ្រប់វ័យ ទាមទារឱ្យមានការប្រុងប្រយត្នខ្ពស់ ហើយថាការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នាពេលនេះ ជាឱកាសមួយសម្រាប់លោកតា លោកយាយ ពុក ម៉ែ អ៊ុ ពូ មីង បងប្អូនប្រជាពលរដ្ឋបានដឹងអំពីសុខភាពរបស់ខ្លួន តាមរយៈការពិនិត្យ និងការប្រឹក្សាយោបល់ និងផ្តល់ព័ត៌មានផ្សេងៗអំពីការថែទាំសុខភាពចាប់ពេលនេះទៅមុខទៀតដោយរបៀបណា។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា បានតម្កល់ឆន្ទៈខ្ពស់លើវិស័យចំនួនពីរ ដែលស្ដែងឡើងតាមរយៈការចំណាយថវិកាច្រើនជាងវិស័យការពារជាតិ និងវិស័យមហាផ្ទៃ នោះគឺ៖ ទី១. វិស័យអប់រំ និងទី២. វិស័យសុខាភិបាល ដោយគោលនយោបាយ មួយនេះបានឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះសុខុមាលភាពប្រជាពលរដ្ឋ។ 
សូមជម្រាបថា មានពលរដ្ឋចំនួន ៥០៤នាក់ ដែលបានមកទទួលការពិនិត្យ និងព្យាបាលជំងឺទូទៅ ដោយឥតគិតថ្លៃពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នាឱកាសនេះ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





