ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃនៅភូមិជោគជ័យ ស្ងប់ស្ងាត់វិញ បន្ទាប់ពីកម្លាំងកម្ពុជា និងប្រជាពលរដ្ឋរួមគ្នាទប់ស្កាត់ការប៉ុនប៉ងវាស់វែងដីធ្លីរបស់ភាគីថៃ
AKP បន្ទាយមានជ័យ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥-- ស្ថានការណ៍នៅតំបន់ព្រំដែនត្រង់ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានវិលត្រឡប់ទៅរកភាពស្ងប់ស្ងាត់ឡើងវិញហើយ គិតត្រឹមម៉ោង ១១៖០០នាទីព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីមានភាពតានតឹងមួយរយៈពេលខ្លីនៅព្រឹកថ្ងៃដដែលនេះ។ ភាពតានតឹងនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ៧៖០០នាទីព្រឹក នៅពេលដែលទាហានថៃបាននាំក្រុមអ្នកវាស់ដីចូលមកកៀកបង្គោលព្រំដែនលេខ៤៦ ដោយមានបំណងវាស់វែងដីធ្លីនៅចំណុច ចំការអំពៅ ដែលជាដីមានទំនាស់។ នៅព្រឹកនេះ ទាហានថៃមួយក្រុមទៀតចង់ទៅបង្គោលព្រំដែនលេខ៤៧ ប៉ុន្តែកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋជាម្ចាស់ដី និងរស់នៅផ្ទាល់ ត្រៀមខ្លួនជានិច្ចដើម្បីការពារបូរណភាពទឹកដី។

សកម្មភាពនេះត្រូវបានកងកម្លាំងកម្ពុជា ដែលមិនមានប្រដាប់អាវុធ រួមជាមួយប្រជាពលរដ្ឋខ្មែរ ដែលជាម្ចាស់ដី រស់នៅ និងអាស្រ័យផលនៅទីនោះផ្ទាល់ ចូលរួម តវ៉ា រារាំង និងបានបញ្ជាឱ្យក្រុមទាហានថៃ និងអ្នកវាស់ដី ដកថយទៅវិញភ្លាមៗ ដោយមិនអនុញ្ញាតឱ្យអាចធ្វើសកម្មភាពវាស់ដីបាននោះទេ។ មកទល់នឹងម៉ោងនេះ កងកម្លាំងកម្ពុជាដែលមិនមានប្រដាប់អាវុធនៅតែបន្ត ឈរជើងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ និង ត្រៀមលក្ខណៈជានិច្ច ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ឧបទ្ទវហេតុនៃការប៉ុនប៉ងវាស់ដីនេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានផ្ញើលិខិតតវ៉ាផ្លូវការទៅកាន់អភិបាលខេត្តស្រះកែវនៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥។ ការតវ៉ានេះគឺប្រឆាំងទៅនឹងករណីដែល រដ្ឋបាលខេត្តស្រះកែវបានលើកបដាដែលមានខ្លឹមសារ ប្រកាសអនុវត្តច្បាប់ក្នុងស្រុកថៃ ទៅលើប្រជាពលរដ្ឋកម្ពុជាដែលកំពុងរស់នៅ និងអាស្រ័យផលក្នុង ភូមិជោគជ័យ និង ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ សកម្មភាពរបស់ភាគីថៃនេះត្រូវបានមើលឃើញថាជាការរំលោភលើសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋកម្ពុជានៅលើទឹកដីរបស់ខ្លួន។

គួរបញ្ជាក់ថា បញ្ហាដែលបានកើតឡើងនៅតំបន់ភូមិជោគជ័យនេះ គឺជាប្រធានបទដ៏សំខាន់មួយដែលត្រូវបានលើកឡើងក្នុង កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥។ យោងតាមចំណុចទី៨នៃកំណត់ហេតុកិច្ចប្រជុំ GBC លើកទី១ ភាគីទាំងពីរ (កម្ពុជា-ថៃ) បានឈានដល់កិច្ចព្រមព្រៀងដ៏សំខាន់ដូចខាងក្រោមគណៈកម្មការចំរុះព្រំដែន (JBC) ត្រូវបានទទួលស្គាល់ថាជា យន្តការដោះស្រាយ បញ្ហាពាក់ព័ន្ធនឹងការវាស់វែងរួម និងខណ្ឌសីមាព្រំដែន ដោយភាគីទាំងពីរបានឯកភាពដាក់បញ្ហានេះជា របៀបវារៈអាទិភាព នៅកិច្ចប្រជុំបន្ទាប់របស់ JBC។ ភាគីទាំងពីរបានប្រគល់ភារកិច្ចឱ្យគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ពិភាក្សាអំពីការគ្រប់គ្រងបញ្ហានេះឱ្យបានឆាប់បំផុត ស្របតាមលទ្ធផលនៃកិច្ចពិភាក្សារបស់ JBC។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំខេត្តជាប់ព្រំដែន គឺ អភិបាលខេត្តបន្ទាយមានជ័យ និង អភិបាលខេត្តស្រះកែវ ត្រូវសម្របសម្រួលគ្នាឱ្យបានជិតស្និទ្ធ ដើម្បីគ្រប់គ្រងស្ថានការណ៍នៅទីតាំងផ្ទាល់ប្រកបដោយ សន្តិវិធី រួមបញ្ចូលទាំងការ បញ្ឈប់រាល់សកម្មភាពដែលពង្រីកទំហំវិវាទ និងបង្កើនភាពតានតឹង ណាមួយ។ ការប៉ុនប៉ងវាស់វែងដីធ្លីរបស់ភាគីថៃនាពេលព្រឹកនេះ ហាក់ដូចជាមិនបានអនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀង GBC និងកិច្ចសហការរវាងអភិបាលខេត្តទាំងពីរនោះទេ ដែលតម្រូវឱ្យភាគីកម្ពុជាចាត់វិធានការរារាំងផ្ទាល់ដើម្បីការពារផលប្រយោជន៍ និងបូរណភាពទឹកដីរបស់ខ្លួន៕
ដោយ ឈុន សារ៉ាត





