CMAC ថ្លែងអំណរគុណ សហរដ្ឋអាមេរិក ក្នុងការបន្តគាំទ្រដល់ការបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥--មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) បានថ្លែងសំដែងនូវអំណរគុណចំពោះប្រជាជននិងរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងការបន្តគាំទ្រដល់ការបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា។

សូមរម្លឹកជូនថា កាលពីថ្ងៃសៅរ៍ ៥កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង អង្គភាពCMAC បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូសមាជិកសភាសហរដ្ឋអាមេរិកដឹកនាំដោយឯកឧត្តម Adam Smith សមាជិកសភាប្រចាំរដ្ឋ Washington រួមដំណើរដោយឯកឧត្តម Michael Baumgartner សមាជិកសភាប្រចាំរដ្ឋ Washington និងលោកជំទាវ Chrissy Houlahan សមាជិកសភាប្រចាំរដ្ឋ Pennsylvania អមដំណើរដោយលោកស្រី Michael Baumgartner ភារធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងលោក Hans Peter Risser ប្រធានអង្គការNPA ប្រចាំនៅកម្ពុជា ដើម្បីបំពេញទស្សនកិច្ចស្វែងយល់ពីវិស័យសកម្មភាពកំចាត់មីននៅកម្ពុជា ជាពិសេសសកម្មភាពបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពCMAC ក្រោមគម្រោងកិច្ចសហប្រតិបត្តិការជំនួយឥតសំណងរបស់សហរដ្ឋអាមេរិក។ ដំណើរទស្សកិច្ចនេះ រៀបចំដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា តាមរយៈអង្គការជំនួយនៃប្រជាជនន័រវេស្ស(NPA)។

ក្នុងដំណើរទស្សនកិច្ចនេះក៏បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើជំនួយហិរញ្ញប្បទានឥតសំណងរបស់សហរដ្ឋអាមេរិក គាំទ្រដល់សកម្មភាពបោសសម្អាតមីន របស់អង្គភាពCMAC តាមរយៈអង្គការNPA ដែលមានទឹកប្រាក់សរុបចំនួន៦០០.០០០ដុល្លារសហរដ្ឋអាមេរិក សម្រាប់រយៈពេល៥ខែ (វិច្ឆិកា ២០២៥ - មេសា ២០២៦)។

តាមរយៈសំណេរបង្ហោះលើហ្វេសប៊ុកផ្ទាល់ខ្លួន ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈដំណើរទស្សនកិច្ចនេះនិងការចុះហត្ថលេខាទទួលជំនួយ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ក៏បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការបន្ដជំនួយវិស័យមីនបន្ដទៅមុខទៀត៕
ដោយ៖ គង់ សិរីរ័ត្ន





