ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ចុះឈ្វេងយល់អំពីសភាពការណ៍ថ្មីៗនៅរដ្ឋបាលខេត្តពោធិ៍សាត់
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥-- ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បានចុះឈ្វេងយល់អំពីសភាពការណ៍ថ្មីៗដែលកើតមានក្នុងខេត្តពោធិ៍សាត់ ជាពិសេសនៅព្រំដែនកម្ពុជា-ថៃ។

នាឱកាសនេះ ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយសេចក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងបានគូសបញ្ជាក់អំពីគោលបំណងនៃការចុះមកជួបជាមួយថ្នាក់ដឹកនាំខេត្តពោធិ៍សាត់នាពេលនេះ គឺដើម្បីឈ្វេងយល់ និងទទួលបានព័ត៌មានអំពីសភាពការណ៍ថ្មីៗពាក់ព័ន្ធនឹងផលប៉ះពាល់នៅក្នុងខេត្ត ដែលបណ្តាលមកពីជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ស្ថានភាពនៃជនភៀសសឹក និងការដោះស្រាយរបស់អាជ្ញាធរខេត្តកន្លងមក ស្ថានភាពពលករត្រឡប់មកពីប្រទេសថៃ និងការជួយជ្រោមជ្រែង រួមទាំងការផ្តល់ការងារ ការជួយឧបត្ថម្ភគាំទ្រកងទ័ពសមរភូមិមុខ បញ្ហាប្រឈមផ្សេងៗទៀត និងការងារចំពោះមុខដែលត្រូវបន្តដោះស្រាយតាមសមត្ថកិច្ច និងតាមលទ្ធភាពជាក់ស្តែង ព្រមទាំងរៀបចំរបាយការណ៍អំពីលទ្ធផលនៃដំណើរចុះបំពេញការងារនៅខេត្តពោធិ៍សាត់នេះដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា។

បន្ទាប់ពីបានស្តាប់របាយការណ៍ និងពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពការងាររបស់ថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ និងបានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវតស៊ូ អត់ធ្មត់ ជឿទុកចិត្តទៅលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនយើង និងរួមសាមគ្គីគ្នាជាធ្លុងមួយឱ្យបានរឹងមាំ ក្នុងគ្រាដែលប្រទេសជាតិកំពុងជួបប្រទះការឈ្លានពាន៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់)





