ឯកឧត្តម ចាន់ យុត្ថា លើកទឹកចិត្តបេក្ខជនដែលទើបប្រឡងបាក់ឌុបថ្មីៗឱ្យចូលរៀនមហាវិទ្យាល័យទៅតាមចក្ខុវិស័យ និងចំណង់ចំណូលចិត្តរបស់ខ្លួន
AKP កំពង់ធំ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានលើកទឹកចិត្តដល់បេក្ខជនដែលទើបប្រឡងបាក់ឌុបថ្មីៗឱ្យចូលរៀនមហាវិទ្យាល័យទៅតាមចក្ខុវិស័យ និងចំណង់ចំណូលចិត្តរបស់ខ្លួន។ ឯកឧត្តមបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង អញ្ជើញជួបសំណេះសំណាលជាមួយអាណាព្យាបាល សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ លោកនាយក និងសិស្សជ័យលាភីនិទ្ទេស A ទើបប្រឡងជាប់ថ្មីៗសម័យប្រឡងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នៅវិទ្យាល័យជា ស៊ីម ប្រឡាយ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។

ឯកឧត្តម ចាន់ យុត្ថា បានសង្កត់ធ្ងន់ថា ក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានឃុំពពក និងឃុំប្រឡាយ មានមោទកភាពក្រៃលែង និងសាទរយ៉ាងកក់ក្តៅបំផុតចំពោះជ័យលាភីដែលទើបប្រឡងជាប់បាក់ឌុប ជាពិសេសគឺក្មួយស្រីដែលទើបទទួលបាននិទ្ទេស A ដំបូងបង្អស់របស់វិទ្យាល័យជា ស៊ីមប្រឡាយនៅក្នុងឆ្នាំនេះ ហើយឯកឧត្តមសន្យានឹងផ្ដល់ម៉ូតូ០១គ្រឿងដល់អ្នកទទួលបាននិទ្ទេសA ព្រមទាំងរង្វាន់លើកទឹកចិត្តផ្សេងៗទៀតក៏ដូចជាការឧបត្ថម្ភគាំទ្រដល់បេក្ខជនផ្សេងៗទៀតទៅតាមស្ថានភាពជាក់ស្ដែង។

ឯកឧត្តម ចាន់ យុត្ថា បានជំរុញបន្ថែមដល់ប្អូនៗទាំង៨៦រូប ដែលទើបប្រឡងជាប់បាក់ឌុប សូមបន្តជ្រើសរើស និងចូលរៀននៅមហាវិទ្យាល័យទៅតាមចំណង់ចំណូលចិត្ត ព្រោះមានតែចំណេះដឹង និងឯកទេសវិជ្ជាជីវៈបំណិនជីវិតច្បាស់លាស់ទើបនាំឱ្យខ្លួនឯងក៏ដូចជាគ្រួសារ ប្រទេសជាតិ មានអនាគត និងមានការរីកចម្រើនពិតប្រាកដ។

សូមបញ្ជាក់ថា ក្នុងឱកាសនោះ ឯកឧត្តមឧបត្ថម្ភអ្នកចូលរួម១២២នាក់ម្នាក់ៗថវិកា២ម៉ឺនរៀល ឧបត្ថម្ភវិទ្យាល័យជាស៊ីមប្រឡាយ៤០ម៉ឺនរៀល និងឧបត្ថម្ភថ្លៃទឹកសុទ្ធ១០ម៉ឺនរៀល ព្រមទាំងបានចូលរួមបុណ្យសពនៅមុខសាលាចំនួន១០ម៉ឺនរៀលផងដែរ៕

ដោយ ស៊ុម វណ្ណា





