ប្រធានស.ស.យ.ក ខេត្តបន្ទាយមានជ័យ នាំយកអំណោយជូនកងកម្លាំង និងប្រជាពលរដ្ឋនៅតំបន់ព្រំដែន ស្រុកអូរជ្រៅ
AKP បន្ទាយមានជ័យ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥--លោក កែ សួនសុភាព អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តបន្ទាយមានជ័យ រួមជាមួយក្រុមការងារ បាននាំយកអំណោយដ៏សន្ធឹកសន្ធាប់ទៅចែកជូនដល់កងកម្លាំង អាជ្ញាធរមូលដ្ឋាន ដែលកំពុងឈរជើងប្រចាំការ និងប្រជាពលរដ្ឋនៅតាមបណ្តាវត្តចំនួនពីរ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។ សកម្មភាពមនុស្សធម៌នេះ ធ្វើឡើងនៅ វត្តសុវណ្ណាសិក្ខារាម (ព្រៃចាន់) និង វត្តពុទ្ធិសីមារាម (ភូមិជោគជ័យ) ដោយមានការចូលរួមសហការឧបត្ថម្ភពី ក្រុមហ៊ុនទឹកផ្លែឈើ Yeos។

ក្នុងឱកាសនោះ លោក កែ សួនសុភាព បានមានប្រសាសន៍លើកឡើងថា "ខ្ញុំពិតជាកោតសរសើរយ៉ាងខ្លាំងនូវ វីរភាពដ៏អង់អាចក្លាហាន របស់បងប្អូនកងកម្លាំង អាជ្ញាធរមូលដ្ឋាន និងពុកម៉ែ បងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលបានរួមសាមគ្គីគ្នាជាធ្លុងមួយ ទប់ទល់និងការឈ្លានពានរបស់ពួកយោធាថៃ ក្នុងបុព្វហេតុដ៏ថ្លៃថ្លានៃ ការការពារបូរណភាពទឹកដី មាតុភូមិរបស់យើង" ព្រមទាំងបានលើកទឹកចិត្តដល់បងប្អូនទាំងអស់ឱ្យបន្តរក្សាស្មារតីស្នេហាជាតិ និងការលះបង់ដ៏ធំធេងនេះ ដើម្បីសន្តិសុខ និងសុខុមាលភាពរបស់ជាតិ។

សូមជម្រាបជូនថា អំណោយដែលបានចែកជូន៖ ១. វត្តសុវណ្ណាសិក្ខារាម (ព្រៃចាន់)៖ នំប៉័ងបាក់យ៉ុង ចំនួន ៤០០ដើម និងប្រគេនថវិកា ចំនួន ៥០០,០០០ រៀល ទឹកផ្លែឈើ Yeos ចំនួន ១៩០កេស អាវភ្លៀង Yeos ចំនួន១៧អាវ ម៉ាស Yeos ចំនួន២៥០ដុំ ទឹកស៊ីវអ៊ីវចំនួន៧យួរ សាច់ក្រកចំនួន២៥កញ្ចប់ នំទាហានចំនួន១៥កេស ប្រហុកខ្ទិះ១៥កំប៉ុង នំពងទាចំនួន៦កេស លោកតាម្នាក់ទទួលបានថវិកា ៥០,០០០ រៀល។ ២. វត្តពុទ្ធិសីមារាម (ភូមិជោគជ័យ)៖ នំប៉័ងផ្អែមចំនួន២០០ដើម នំប៉័ងសម្លការី ចំនួន២,០០០ដើម ទឹកផ្លែឈើ Yeos ចំនួន១៩៩កេស អាវភ្លៀង Yeos ចំនួន១៧អាវ ម៉ាស Yeos ចំនួន ២៥០ដុំ ទឹកស៊ីវអ៊ីវចំនួន៨យួរ សាច់ក្រកចំនួន២៥កញ្ចប់ នំទាហានចំនួន១៥កេស ប្រហុកខ្ទិះ ចំនួន១៥កំប៉ុង នំពងទាចំនួន៨កេស សម្លការីចំនួន៣០០គីឡូ កាបូបយួរ Yeos ចំនួន៥០កាបូប អាវយឺតក្មេងៗ Yeos ចំនួន២០អាវ ស្រោមការពារទឹកដាក់ទូរសព្ទចំនួន១៤០ខ្សែ។

សកម្មភាពចែកអំណោយនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ និងការគិតគូរខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត និងស.ស.យ.ក. ចំពោះសុខទុក្ខរបស់កងកម្លាំងដែលលះបង់នៅសមរភូមិមុខ ក៏ដូចជាការចូលរួមចំណែកជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋនៅតំបន់ព្រំដែន៕

ដោយ ឈុន សារ៉ាត





