ឯកឧត្តម សរ គឹមសាន្ត ចុះពិនិត្យស្ថានភាពទឹកជំនន់ស្ទឹងសែន ក្នុងស្រុកសន្ទុក
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារមន្រ្តីបច្ចេកទេសអាជ្ញាធរទន្លេសាប ដោយមានការចូលរួមសហការពីក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកជំនន់ស្ទឹងសែន ចាប់ផ្តើមពីទីតាំងភូមិបញ្ញាជី ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ការចុះពិនិត្យជាក់ស្តែងនេះ ដើម្បីប្រមូលព័ត៌មានទិន្នន័យ អំពីកម្ពស់ទឹក ស្ថានភាពរបបជលសាស្រ្ត សម្រាប់ធ្វើការវិភាគ វាយតម្លៃអំពីសក្តានុពល និងបញ្ហាដែលបណ្តាលឱ្យមានការហូរយឺតចូលបឹងទន្លេសាប ជន់លិចកន្លែងមួយចំនួន រួមទាំងផលប៉ះពាល់ផ្សេងៗ សម្រាប់សម្របសម្រួលពិគ្រោះយោបល់ជាមួយអង្គភាព ស្ថាបន័ពាក់ព័ន្ធ ដើម្បីមានវិធានការដោះស្រាយក្នុងតំបន់ និងភូមិសាស្ត្រដែលទទួលរងគ្រោះ។

សូមបញ្ជាក់ថា ក្រុមការងារមន្រ្តីបច្ចេកទេសអាជ្ញាធរទន្លេសាបដែលពិនិត្យជាក់ស្តែងនេះ បន្ទាប់ពីមានការលិចលង់ភូមិឋាន ដំណាំស្រូវ និងដំណាំកសិកម្ម នៅក្នុងភូមិសាស្ត្តភូមិបញ្ញាជី ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំយ៉ាងខ្លាំង បណ្តាលមកពីជុំនន់ស្ទឹងសែន៕


ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





