កិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូរបស់ខេត្ត ក្នុងវិស័យអប់រំ ឆ្នាំ២០២៥
AKP កណ្ដាល ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃសម្រាំងអង្គភាពផ្តល់សេវាសាធារណៈគំរូរបស់ខេត្ត ក្នុងវិស័យអប់រំ ឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ នាយក-នាយិកាសាលាបឋមសិក្សាដែលបានជាប់ចំណាត់ថ្នាក់ Top 5 ថ្នាក់ខេត្ត ក្នុងការប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូរបស់ខេត្ត ក្នុងវិស័យអប់រំរួមមាន៖ សាលាបឋមសិក្សាពុកឫស្សី ស្រុកខ្សាច់កណ្តាល បឋមសិក្សាឫស្សីជ្រោយ ស្រុកស្អាង បឋមសិក្សាសំរោងធំ ស្រុកកៀនស្វាយ និងបឋមសិក្សាព្រែកលួង បឋមសិក្សាព្រែកតាកូវ ក្រុងអរិយក្សត្រ។

បន្ទាប់បានស្ដាប់បទបង្ហាញរបស់សាលាបឋមសិក្សាដែលបានជាប់ចំណាត់ថ្នាក់ Top 5 ថ្នាក់ខេត្ត ក្នុងការប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូរបស់ខេត្តរួចមក ឯកឧត្តម គួច ចំរើន បានស្នើដល់ក្រុមការងារត្រូវជួយបំពេញបន្ថែមនូវរាល់ចំណុចខ្វះខាតទៅលើការធ្វើបទបង្ហាញ ដើម្បីរួមគ្នាកែសម្រួលឱ្យបានពេញលេញ ក្នុងនោះឯកឧត្តមអភិបាលខេត្តបានជំរុញដល់សាលា ត្រូវលើកឡើងចំណុចខ្វះខាតនៃសូចនាករដែលក្រសួងបានដាក់ចុះនៅក្នុងកិច្ចប្រជុំនេះ ដើម្បីក្រុមការងារជួយដោះស្រាយបំពេញបន្ថែមបានទាន់ពេលវេលា ជាពិសេសត្រូវកែសម្រួលស្លាយសម្រាប់ធ្វើបទបង្ហាញឱ្យមានលក្ខណៈងាយស្រួលមើល ទាំងខ្លឹមសារ និងទិន្នន័យច្បាស់លាស់។

ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកទឹកចិត្តលោកគ្រូអ្នកគ្រូ ត្រូវខិតខំហ្វឹកហាត់ក្នុងការធ្វើបទបង្ហាញឱ្យកាន់តែស្ទាត់ជំនាញ ចេះគ្រប់គ្រងពេលវេលាក្នុងការធ្វើបទបង្ហាញស្របតាមការកំណត់ ពីព្រោះក្រុមការងារនឹងប្រជុំពិនិត្យម្ដងទៀត ដើម្បីសម្រេចជ្រើសរើសយកសាលាចំនួន២ ដែលល្អបំផុតមានសក្ដានុពល ក្នុងចំណោមសាលាដែលជាប់ Top 5 ថ្នាក់ខេត្ត ដើម្បីទៅប្រកួតប្រជែងនៅថ្នាក់ជាតិឱ្យទទួលបានចំណាត់ថ្នាក់ល្អប្រសើរ។

សូមជម្រាបថា ផ្អែកលើអនុក្រឹត្យស្តីពីការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានដាក់ ឱ្យអនុវត្តយន្តការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាគំរូក្នុងវិស័យអប់រំ និងសុខាភិបាល ក្នុងគោលបំណងជាចម្បងជំរុញ និងលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃដំណើរការ របស់អង្គភាពផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដោយផ្អែកលើលក្ខណៈ វិនិច្ឆ័យ គោលធំៗចំនួន៨ចំណុច ដែលរួមមាន៖ ទី១. ស្ដង់ដាសេវាសាធារណៈ ទី២. និយាមនៃការផ្ដល់សេវាសាធារណៈ ទី៣. ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងអង្គភាព ទី៤. ការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្សនៅក្នុងអង្គភាព ទី៥. ការរៀបចំ និងកែលម្អបរិស្ថានអង្គភាព ទី៦. ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍ ព្រមទាំងការចូលរួមវាយតម្លៃពីអ្នកប្រើប្រាស់សេវាសាធារណៈ ទី៧. ការដោះស្រាយបញ្ហាប្រឈមជាមួយប្រជាពលរដ្ឋ និងសហគមន៍ និងទី៨. ការផ្តួចផ្ដើមគំនិតថ្មីៗ និងនវានុវត្តន៍ ដើម្បីធ្វើឱ្យអង្គភាពមានដំណើរការកាន់តែប្រសើរ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





