ការលើកកម្ពស់ស្ត្រីក្នុងវិស័យកីឡា ក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន គឺជាឆ្លើយតបនឹងគោលការណ៍អាស៊ាន
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥--ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាថ្លែងថា វគ្គសិក្ខាសាលាការលើកកម្ពស់សមត្ថភាពស្ត្រីក្នុងវិស័យកីឡា ស្តីពីមូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន គឺជាការអនុវត្តស្របតាមសេចក្តីសម្រេចនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកីឡាអាស៊ាន នាឆ្នាំកន្លងមក។

នៅក្នុងឱកាសបើកវគ្គសិក្ខាសាលាការលើកកម្ពស់សមត្ថភាពស្ត្រីក្នុងវិស័យកីឡា ស្តីពីមូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន នៅវិទ្យាស្ថានជាតិអប់រំកាយ កាលពីល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា សិក្ខាសាលានេះត្រូវបានធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពស្ត្រីក្នុងវិស័យកីឡា ក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដែលជាសកម្មភាពអាទិភាពទី២ ក្នុងចំណោមសកម្មភាពអាទិភាពចំនួន២ នៃផែនការសកម្មភាពសម្រាប់លើកកម្ពស់សមត្ថភាពស្ត្រីក្នុងវិស័យកីឡា។

ឯកឧត្តម កែ ប៊ុនខៀង បានគូសបញ្ជាក់ថា ក្នុងនាមជាសមាជិកអាស៊ាន កម្ពុជាបានចូលរួមយ៉ាងសកម្ម ដូចជា នៅថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលាអន្តរជាតិ ស្តីពីការអភិរក្សល្បែងកីឡា ប្រជាប្រិយ និងកីឡាប្រពៃណី និងការអភិវឌ្ឍតំបន់ហាត់ប្រាណនិងលេងកីឡាអាស៊ាន អមព្រឹត្តិការណ៍នៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាប្រធាន។ កម្ពុជាបានធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ទទួលបានលទ្ធផលជាទីមោទនៈ មានការកោតសរសើរពីគ្រប់មជ្ឈដ្ឋានជាតិអន្តរជាតិ និងបានចូលរួមគាំទ្រសកម្មភាពកីឡានៅក្នុងអាស៊ាន។

ជាមួយគ្នានេះ លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជននៃក្រសួងអប់រំ យុវជន និងកីឡាបានជម្រាបជូនថា សិក្ខាសាលានេះ គឺជាសកម្មភាពអាទិភាពទី២ នៃផែនការសកម្មភាពសម្រាប់លើកកម្ពស់សមត្ថភាពស្ត្រីក្នុងវិស័យកីឡានៅកម្ពុជា រៀបចំឡើងដោយអគ្គនាយកដ្ឋានកីឡា ដែលត្រូវបានអនុម័ត និងឯកភាពជាគោលការណ៍ក្នុងឆ្នាំ២០២៤ ដើម្បីដាក់ឱ្យអនុវត្តចាប់ពីឆ្នាំ២០២៥តទៅ។ ផែនការសកម្មភាពនេះ គឺជាសកម្មភាពរបស់កម្ពុជា ក្នុងការអនុវត្តគម្រោងសកម្មភាពអាស៊ាន-ជប៉ុន ស្តីពីកីឡាពាក់ព័ន្ធនឹងសមភាពយេនឌ័រ (ASEAN-Japan Action on Sports: Gender Equality) ដែលដឹកនាំដោយកញ្ញា Aya Nagochi នៃមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ ដើម្បីកីឡា និងសមភាពយេនឌ័រនៃសាកលវិទ្យាល័យ Seijo នៃប្រទេសជប៉ុន និងគាំទ្រដោយលេខាធិការដ្ឋានអាស៊ាន ព្រមទាំងមានតំណាងប្រទេសជាសាមាជិកអាស៊ានទាំងអស់ជាជនបង្គោលតាមប្រទេសនីមួយៗនិងជាសមាជិកនៃគម្រោងនេះ។

លោក ប៉ែន វុទ្ធី បន្ថែមថា សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយផ្អែកតាមលទ្ធផលនៃការស្ទាប់ស្ទង់មតិចំពោះមន្ត្រីនារីទាំងអស់នៅអគ្គនាយកដ្ឋានកីឡា និងមន្ត្រីនារីនៅតាមអង្គភាពទាំងអស់ចំណុះអគ្គនាយកដ្ឋានកីឡា កាលពីឆ្នាំ២០២៤ ដែលលទ្ធផលនោះបានបង្ហាញថា មន្ត្រីនារីភាគច្រើនពុំទាន់មានសមត្ថភាពផ្នែកប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ក្នុងការបំពេញការងារបានល្អប្រសើរនៅឡើយ។ សិក្ខាសាលានេះមានគោលបំណងជំរុញឱ្យមន្ត្រីនារី ដែលកំពុងបំពេញការងារនៅអគ្គនាយកដ្ឋានកីឡា និងនៅអង្គភាពចំណុះអគ្គនាយកដ្ឋានកីឡាទទួលបាននូវសមត្ថភាពបន្ថែមលើជំនាញបច្ចេកវិទ្យាព័ត៌មានដែលនឹងអាចជួយពួកគេក្នុងការបំពេញការងាររដ្ឋបាល និងការងារផ្សេងៗតាមអង្គភាពប្រកប ដោយប្រសិទ្ធភាពជាងមុន៕
ដោយ ហេង ណាលីន





