ADB បង្ហាញពីការរក្សាបានរបស់កម្ពុជានូវភាពធន់ផ្នែកសេដ្ឋកិច្ច បើទោះជាបានព្យាករណ៍កំណើនទាបជាងមុនពី ៦,២% មកត្រឹម ៥,០% សម្រាប់ឆ្នាំ ២០២៦
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥--ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានបន្ថយការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជាពី ៦,១% មក ៤,៩% សម្រាប់ឆ្នាំ ២០២៥ និងពី ៦,២% មក ៥,០% សម្រាប់ឆ្នាំ ២០២៦ ដោយឆ្លុះបញ្ចាំងពីបញ្ហាប្រឈមសេដ្ឋកិច្ចទាក់ទងនឹងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេសថៃ និងភាពមិនច្បាស់លាស់ជុំវិញទីផ្សារនាំចេញទៅសហរដ្ឋអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់ ADB ដែលបានចេញផ្សាយនាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងរបាយការណ៍បានឱ្យដឹងថា ទោះជាយ៉ាងណាក៏ដោយ របាយការណ៍របស់ ADB មានការរំពឹងទុកអំពីកំណើនរឹងមាំដល់ឆ្នាំ ២០២៦ ដែលជំរុញដោយការបន្តលូតលាស់នៃវិស័យឧស្សាហកម្ម និងលំហូរចូលជាបន្តបន្ទាប់នៃការវិនិយោគផ្ទាល់ពីបរទេស។
នាយិកា ADB ប្រចាំប្រទេសកម្ពុជា លោកស្រី Jyotsana Varma មានប្រសាសន៍ថា៖ «សេដ្ឋកិច្ចបានបង្ហាញពីភាពធន់ក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥ ។ កំណើនទាបជាងការរំពឹងទុកនៃថ្លៃម្ហូបអាហារ និងការធ្លាក់ចុះនៃថ្លៃប្រេងឥន្ធនៈ បានជួយបន្ទាបអតិផរណា ខណៈដែលសកម្មភាពឧស្សាហកម្មបន្តមានភាពរឹងមាំ។ នាពេលខាងមុខ វាមានឱកាសសម្រាប់ការបន្តងើបឡើងវិញនៃវិស័យសំណង់ និងទេសចរណ៍ ជាមួយនឹងកំណើនជាបន្តបន្ទាប់នៃវិស័យកសិកម្ម ដែលទាំងនេះបង្ហាញពីកំណើនប្រកបដោយតុល្យភាព និងនិរន្តរភាព។»
យោងតាមរបាយការណ៍សេដ្ឋកិច្ចរបស់ ADB ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែកញ្ញា ឆ្នាំ ២០២៥ អតិផរណាឆ្នាំលើឆ្នាំបានធ្លាក់ចុះខ្លាំងពី ៦,០% ក្នុងខែមករា មកត្រឹម ១,៦% ក្នុងខែមិថុនា។ អតិផរណាត្រូវបានរំពឹងថានឹងមានជាមធ្យមប្រម៉ាណ ២,0% ទាំងនៅក្នុង ឆ្នាំ ២០២៥ និង ឆ្នាំ ២០២៦។
ចំពោះវិស័យឧស្សាហកម្មនឹងនៅតែជាម៉ាស៊ីនសេដ្ឋកិច្ចនាំមុខគេ។ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ បានកើនឡើង ២២,២% ឆ្នាំលើឆ្នាំ សម្រាប់ឆមាសទីមួយឆ្នាំ ២០២៥ ដែលមួយផ្នែកបានជំរុញដោយអ្នកទិញរបស់អាមេរិក ដែលបានបង្កើនការទិញទុកជាមុន ដោយក្តីបារម្ភពីការដំឡើងពន្ធលើការនាំចូលផលិតផលពីកម្ពុជា។ ទោះជាមានការប្រុងប្រយ័ត្នពីសំណាក់អ្នកនាំចូលរបស់អាម៉េរិក ដោយសារភាពមិនច្បាស់លាស់នៃគោលនយោបាយពាណិជ្ជកម្មក៏ដោយ ក៏ផលិតកម្មក្នុងវិស័យកាត់ដេរ និងក្រៅពីវិស័យកាត់ដេរ ត្រូវបានរំពឹងថា នឹងនៅតែរឹងមាំ ដោយសារភាពអំណោយផលនៃការបន្ថយពន្ធគយមក ១៩% របស់អាម៉េរិកលើការនាំចូលពីកម្ពុជា។
បើតាមរបាយការណ៍ក៏បានបញ្ជាក់ទៀតថា កំណើនវិស័យសេវាកម្មត្រូវបានរំពឹងថានឹងថមថយមកត្រឹម ២,៨% ក្នុងឆ្នាំ ២០២៥ និង ២,៦% ក្នុងឆ្នាំ ២០២៦។ វិស័យទេសចរណ៍បង្ហាញពីការបន្តងើបឡើងវិញនៅក្នុងឆមាសទីមួយឆ្នាំ ២០២៥ ជាមួយនឹងការកើនឡើងនៃចំនួនភ្ញៀវទេសចរពីសាធារណៈរដ្ឋប្រជាមានិតចិន។ ប៉ុន្តែភាពតានតឹងនៅតាមព្រំដែនជាមួយប្រទេសថៃដែលកំពុងបន្តកើតមាន នឹងរំខានដល់វិស័យទេសចរណ៍ និងសកម្មភាពនានាក្នុងវិស័យសេវាកម្មទូទៅនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ និងពេលខាងមុខ។
សូមជម្រាបជូនថា វិស័យកសិកម្មត្រូវបានគេព្យាករណ៍ថានឹងកើនឡើងប្រមាណ ១,១% ក្នុងឆ្នាំ ២០២៥ និង ២០២៦ ជំរុញដោយតម្រូវការនាំចេញដែលកំពុងបន្តនិងការរំពឹងទុកពីការរួមចំណែករបស់កម្មករកសិកម្មដែលបាន ត្រឡប់មកពីប្រទេសថៃវិញក្នុងឆមាសទីពីរនៃឆ្នាំនេះ។ ការនាំចេញកសិផលបានកើនឡើង១៤,១% ឆ្នាំលើឆ្នាំ នៅឆមាសទីមួយឆ្នាំ ២០២៥ ជំរុញដោយការនាំចេញគ្រាប់ស្វាយចន្ទី និងអង្ករ ដែលជួយប៉ះប៉ូវការធ្លាក់ចុះនៃការនាំចេញដំឡូងមី និងកៅស៊ូ៕
ដោយ៖ រិទ្ធី ប្រភព៖ ADB





