ក្រសួងប្រៃសណីយ៍ជូនដំណឹងអំពីការរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥-- ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នាល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានជូនដំណឹងថា ក.ប.ទ. នឹងរៀបចំ “វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥-០៧ ខែធ្នូ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ក្រោមប្រធានបទ “ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល” ក្នុងគោលបំណង ១) បង្ហាញអំពីដំណើរវិវឌ្ឍន៍នៃអភិបាលកិច្ចឌីជីថលនៅកម្ពុជា ២) ជំរុញឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាលើវិស័យឌីជីថលក្នុងតំបន់អាស៊ាន ៣) លើកកម្ពស់កិច្ចសហប្រតិបត្តិការនិងភាពជាដៃគូ និង៤) ចែករំលែកនវានុវត្តន៍ឌីជីថលរបស់រដ្ឋាភិបាល និងវិស័យឯកជន។

វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍បច្ចេកវិទ្យាឌីជីថលដ៏ធំមួយរបស់កម្ពុជាដែលត្រូវបានផ្តួចផ្តើមឡើងដោយរួមបញ្ចូលគ្នានូវ៖ ទី១. វេទិកាចែករំលែកបទពិសោធពាក់ព័ន្ធនឹងដំណើរការនៃការធ្វើបរិវត្តកម្មឌីជីថល អភិបាលកិច្ចឌីជីថល និងបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ ទី២. ពិព័រណ៍បច្ចេកវិទ្យាឌីជីថលដែលបង្ហាញអំពីសមិទ្ធផល ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) និងដំណោះស្រាយឌីជីថលរបស់ក្រសួង ស្ថាប័ន ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល និងធុរកិច្ចថ្មីឌីជីថល និង៣. ព្រឹត្តិការណ៍ជាតិនិងអន្តរជាតិអម (Side Event) វេទិការដ្ឋាភិបាលឌីជីថល ដែលសហការជាមួយអង្គការសហប្រជាជាតិសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក (UN-ESCAP) កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃសហប្រជាជាតិ (UNESCO) អង្គការយូនីសេហ្វ (UNICEF) សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) មូលនិធិសមាហរណកម្មជប៉ុន-អាស៊ាន (JAIF) និងមជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play មកពីតំបន់ Silicon Valley សហរដ្ឋអាមេរិកជាដើម។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ប្រតិបត្តិករផ្តល់សេវាទូរគមនាគមន៍ និងធុរកិច្ចថ្មីឌីជីថល ចូលរួមពិព័រណ៍បច្ចេកវិទ្យាឌីជីថលខាងលើ ដើម្បីតាំងបង្ហាញថ្នាល ដំណោះស្រាយឌីជីថល និងបច្ចេកវិទ្យាឌីជីថលចុងក្រោយជូនដល់សាធារណជន។ ជាមួយគ្នានេះ ក.ប.ទ. អំពាវនាវឱ្យមានចូលរួមព្រឹត្តិការណ៍ខាងលើឱ្យបានច្រើនកុះករ ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅនូវឧត្តមានុវត្តន៍នៃការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលរបស់កម្ពុជាផងដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈទូរសព្ទលេខ ០៩២ ៨៨៦ ២៤២/០៩៦ ៧៧៧ ៧៥១៥ ឬអ៊ីមែល pr@dgc.gov.kh (សម្រាប់វេទិការដ្ឋាភិបាលឌីជីថល) និង០១២ ៧១៣ ៧១៤ ឬអ៊ីមែល៖ kamrang-eang@mptc.gov.kh (សម្រាប់ស្តង់ពិព័រណ៍ក្រុមហ៊ុនបច្ចេកវិទ្យា ប្រតិបត្តិករផ្តល់សេវាទូរគមនាគមន៍ និងធុរកិច្ចថ្មីឌីជីថល)៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍)





