លោកស្រី ប៉ាង ដានី៖ យើងរួមគ្នាទប់ស្កាត់គ្រប់អំពើហិង្សាដែលពាក់ព័ន្ធនឹងយេនឌ័រគ្រប់ទម្រង់ក្នុងខេត្តកំពង់ចាមឱ្យមានប្រសិទ្ធភាព
AKP កំពង់ចាម ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥-- លោកស្រី ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម បានជំរុញដល់ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ខេត្តកំពង់ចាមត្រូវរួមគ្នាទប់ស្កាត់អំពើហិង្សាដែលពាក់ព័ន្ធនឹងយេនឌ័រគ្រប់ទម្រង់ឱ្យមានប្រសិទ្ធភាពខ្ពស់ ដូចជាករណីអំពើហិង្សាក្នុងគ្រួសារ ករណីរំលោភបំពានផ្លូវភេទ និងការជួញដូរស្រ្តី និងកុមារ គឺយើងត្រូវលើកកម្ពស់ទប់ស្កាត់ និងបង្ក្រាបប្រកបដោយប្រសិទ្ធភាពខ្ពស់និងត្រូវបន្តពង្រីកការផ្តល់សេវាជាពហុវិស័យឆ្លើយតប ចំពោះអំពើហិង្សាលើស្រី និងក្មេងស្រី ប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលា ដោយគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

លោកស្រីថ្លែងដូចនេះក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី៣របស់ក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមពីតំណាងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុងស្រុក និងអង្គការដៃគូពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោកស្រីបានសង្កត់ធ្ងន់ថា កិច្ចប្រជុំនេះធ្វើឡើងក្នុងមានគោលបំណងសំខាន់គឺដើម្បីលើកកម្ពស់ និងពង្រីកការផ្តល់សេវា ឆ្លើយតបជាពហុវិស័យដល់ក្រុមការងារឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ក្នុងខេត្តកំពង់ចាម ពិសេសនៅតាមបណ្តាក្រុង-ស្រុកទាំង១០ របស់ខេត្តត្រូវរួមគ្នាបង្កើនប្រសិទ្ធភាពការងារ ដើម្បីឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅតាមមូលដ្ឋានរបស់ខ្លួនដោយមានកិច្ចសហការល្អជាមួយមន្ទីរស្ថាប័ន អង្គរភាពពាក់ព័ន្ធ ដើម្បីឆ្លើយតបទាន់ពេលវេលាចំពោះជួយជនរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រនឹងបន្តពង្រីកកិច្ចសហការក្នុងការផ្តល់សេវាដល់ស្ត្រី និងក្មេងស្រី រួមនិងការទប់ស្កាត់នូវអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដោយមានប្រសិទ្ធភាពបំផុត៕
ដោយ ឆាយ ម៉ុត





