អភិបាលខេត្តបន្ទាយមានជ័យប្រឆាំងដាច់ខាតចំពោះសកម្មភាពរបស់រដ្ឋបាលខេត្តស្រះកែវលើតំបន់ព្រំដែនដែលមិនទាន់កំណត់ខណ្ឌសីមា
AKP បន្ទាយមានជ័យ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥-- រដ្ឋបាលខេត្តបន្ទាយមានជ័យបានធ្វើការតវ៉ាដាច់អហង្ការទៅកាន់រដ្ឋបាលខេត្តស្រះកែវ ប្រទេសថៃ បន្ទាប់ពីមានសកម្មភាពលើកបដានៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានខ្លឹមសារប្រកាសអនុវត្តច្បាប់ក្នុងស្រុកថៃ ទៅលើប្រជាពលរដ្ឋកម្ពុជាដែលកំពុងរស់នៅយ៉ាងសុខសាន្តក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ នៃឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានផ្ញើសារលិខិតផ្លូវការទៅកាន់អភិបាលខេត្តស្រះកែវ ដោយចាត់ទុកសកម្មភាពដដែលៗនៃការលើកបដានេះថាជា "ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ" មកលើសិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ ដែលបានតាំងទីលំនៅ និងអាស្រ័យផលក្នុងភូមិទាំងពីរនេះតាំងពីយូរយារណាស់មកហើយ គឺមុនពេលអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (MOU 2000) ចូលជាធរមានទៅទៀត។ ក្នុងលិខិតតវ៉ានោះ ឯកឧត្តម អ៊ុ រាត្រី បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋបាលខេត្តស្រះកែវពុំមានសមត្ថកិច្ចក្នុងការកំណត់ព្រំដែន ឬអនុវត្តច្បាប់ក្នុងស្រុករបស់ខ្លួនមកលើសហគមន៍កម្ពុជាដែលរស់នៅ និងអាស្រ័យផលក្នុងតំបន់ដែលមិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែនរួចរាល់នោះទេ។ ការទាមទារនេះត្រូវបានពង្រឹងដោយលើកយកនូវកិច្ចព្រមព្រៀងសំខាន់ៗមកបញ្ជាក់ អនុស្សរណៈនៃការយោគយល់គ្នា (MOU 2000) និងកំណត់ហេតុកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដែលភាគីទាំងសងខាងបានឯកភាព "រក្សាស្ថានភាពដើម" រហូតដល់ការងារខណ្ឌសីមាព្រំដែនត្រូវបានបញ្ចប់។

រដ្ឋបាលខេត្តបន្ទាយមានជ័យបានចង្អុលបង្ហាញថា សកម្មភាពឯកតោភាគីរបស់ខេត្តស្រះកែវគឺជាការបង្កហេតុដែលនាំឱ្យមានភាពតានតឹងកើនឡើងនៅតំបន់ជម្លោះ ហើយជាការបំពានយ៉ាងជាក់ស្តែងលើ កិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងលទ្ធផលនៃកិច្ចប្រជុំពាក់ព័ន្ធនានារបស់ GBC និង RBC (គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ)។
លិខិតតវ៉ាក៏បានសង្កត់ធ្ងន់លើចំណុច ៨ នៃកំណត់ហេតុកិច្ចប្រជុំពិសេស GBC លើកទី១ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាថា គណៈកម្មការចម្រុះព្រំដែន (JBC) ជាយន្តការដោះស្រាយបញ្ហាដែលទាក់ទងនឹងការវាស់វែងរួម និងខ័ណ្ឌសីមាព្រំដែន។ ភាគីទាំងពីរបានឯកភាពដាក់បញ្ហានេះជារបៀបវារៈអាទិភាពនៅកិច្ចប្រជុំបន្ទាប់របស់ JBC។ ប្រគល់ភារកិច្ចឱ្យ RBC ពិភាក្សាអំពីការគ្រប់គ្រងបញ្ហានេះឱ្យបានឆាប់បំផុត ស្របតាមលទ្ធផលរបស់ JBC។
ឯកឧត្តម អ៊ុ រាត្រី បានស្នើឱ្យរដ្ឋបាលខេត្តស្រះកែវចូលរួមសហការចាត់វិធានការបញ្ឈប់នូវសកម្មភាពខាងលើជាបន្ទាន់ដោយរក្សានូវស្ថានភាពដើម។ ជាមួយគ្នានេះ អភិបាលខេត្តទាំងពីរនឹងបន្តសម្របសម្រួលជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីគ្រប់គ្រងស្ថានការណ៍នៅទីតាំងផ្ទាល់ប្រកបដោយ សន្តិវិធី រួមបញ្ចូលទាំងការបញ្ឈប់រាល់សកម្មភាពដែលពង្រីកទំហំវិវាទ និងបង្កើនភាពតានតឹង។
រដ្ឋបាលខេត្តបន្ទាយមានជ័យសង្ឃឹមយ៉ាងមុតមាំថា ខេត្តស្រះកែវនឹងប្រកាន់ខ្ជាប់ដោយសុទ្ធចិត្តនូវលក្ខខណ្ឌបទឈប់បាញ់ និងបញ្ឈប់នូវផែនការបណ្តេញប្រជាជនរាប់រយគ្រួសារចេញពីផ្ទះសំបែង និងដីធ្លីដែលពួកគេបានរស់នៅជាច្រើនទសវត្សរ៍មកហើយ៕
ដោយ ឈុន សារ៉ាត





