លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់សម្ភារប្រើប្រាស់ និងស្បៀងអាហារតាមរយៈរដ្ឋបាលខេត្តសៀមរាប ជូនដល់ប្រជាពលរដ្ឋភៀសសឹក
AKP សៀមរាប ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥-- លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានផ្តល់មុងចំនួន៦០ការ៉ុង ស្មើ៣ពាន់មុង ទឹកស៊ីអ៊ីវ ៥០កេស និងទឹកត្រី៧៥យូរ ជូនដល់រដ្ឋបាលខេត្តសៀមរាប ដើមី្បយកទៅធ្វើការចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ភៀសសឹកដោយសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ នៅតាមមណ្ឌលភៀសសឹកក្នុងភូមិសាស្ត្រខេត្តសៀមរាប។

លោក ស៊ុន ចំណាន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប បានឱ្យដឹងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយសង្គ្រាម ហើយអំណោយទាំងនេះត្រូវបានអាជ្ញាធរខេត្តធ្វើការបែងចែកជូនដល់បងប្អូន នៅតាមមណ្ឌលសុវត្ថិភាពតាមក្រុង ស្រុក ដែលពួកគាត់កំពុងស្នាក់នៅ។ ម៉្យាងទៀតដោយសភាពការណ៍នៅតាមព្រំដែន មិនធានាសុវត្ថិភាព ដោយមានការរំលោភបំពានរបស់ពួកទាហានថៃ ក្រោយការឈប់បាញ់ ធ្វើឱ្យបងប្អូនបន្តរស់នៅក្នុងមណ្ឌល ដែលធ្វើឱ្យខាតពេលវេលារបស់បងប្អូនក្នុងការប្រកបរបរចិញ្ចឹមក្រុមគ្រួសារ។


លោកបន្តទៀតថា ការផ្តល់អំណោយមនុស្សធម៌ទាំងនេះគឺមិនប្រកាន់និន្នាការនយោបាយអ្វីទាំងអស់ ក្នុងស្មារតីមហាគ្រួសារខ្មែរតែមួយ។ រាល់អំណោយដែលរដ្ឋបាលខេត្តសៀមរាប ទទួលបានពីបងប្អូន សប្បុរសជនជាតិ អន្តរជាតិ ត្រូវបានក្រុមការងារខេត្ត ធ្វើការបែងចែកផ្គត់ផ្គង់ជូនដល់បងប្អូនដែលកំពុងស្នាក់នៅតាមមណ្ឌលភៀសសឹកតាមក្រុង ស្រុក ព្រមទាំងបានផ្គត់ផ្គង់ដល់សមរភូមិមុខផងដែរ៕
ដោយ ឃុត សៅ





