អគ្គនាយក CMAC ពន្យល់ប្រាប់បន្ថែមអំពីប្រភេទគ្រាប់បែកទម្លាក់ពីយន្តហោះ ឬគ្រាប់បាញ់ផ្លោងពីសម័យសង្គ្រាមមុនៗ ឬក៏ជាប្រភេទគ្រាប់ក្នុងសង្គ្រាមតាមព្រំដែននាថ្មីៗនេះ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥
ដើម្បីឱ្យកាន់តែមើលឃើញច្បាស់អំពីគ្រាប់បែកទម្លាក់ពីយន្តហោះ ឬគ្រាប់បាញ់ផ្លោងពីសម័យសង្គ្រាមមុនៗ ឬក៏ជាប្រភេទគ្រាប់បែកទម្លាក់ពីយន្តហោះ ឬគ្រាប់បាញ់ផ្លោងក្នុងសង្គ្រាមតាមព្រំដែនថ្មីៗនេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC)បានធ្វើការពន្យល់បន្ថែមទៀតសំដៅធ្វើយ៉ាងណាឱ្យបានដឹងជាក់ចៀសវាងការប្រកែក ឬចោទប្រកាន់មកលើកម្ពុជាដោយប្រការណាមួយ។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង រតនា បានគូសបញ្ជាក់ថា កន្លងមកមានអ្នកស្នើសុំឯកឧត្ដមឱ្យជួយបកស្រាយ ដោយចោទជាសំណួរថា "ធ្វើយ៉ាងម៉េចបានដឹងថា គ្រាប់បែកទម្លាក់ពីយន្តហោះ ឬគ្រាប់បាញ់ផ្លោងពីសម័យសង្គ្រាមមុនៗ និងគ្រាប់បែកទម្លាក់ពីយន្តហោះ ឬគ្រាប់បាញ់ផ្លោងក្នុងសង្គ្រាមតាមព្រំដែនថ្មីៗនេះ?" ។

ឯកឧត្តមបានពន្យល់ថាសម្រាប់ចម្លើយខ្លីនោះគឺថា៖ «បើផ្អែកតាមលក្ខណៈបច្ចេកទេសមានចំណុចវិភាគសំណាកជាច្រើនដែលខ្ញុំសុំមិនធ្វើការបកស្រាយលម្អិតក្នុងវេទិកានេះទេ និងសុំលើកយកចំណុចសង្ខេបខ្លីមកបញ្ជាក់ជូនជ្រាបថា គ្រាប់បែកទម្លាក់ពីយន្តហោះក្តី ឬគ្រាប់កាំភ្លើងធំក្តី សុទ្ធតែមានលេខកូដសម្គាល់ខែឆ្នាំផលិត ឬប្រទេស/ក្រុមហ៊ុនផលិត។ បន្ថែមលើសនេះសម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានពង្រឹងសមត្ថភាពអង្គភាព CMAC ក្នុងការធ្វើការសិក្សាស្រាវជ្រាវព័ត៌មាន និងរៀបចំទិន្នន័យការទម្លាក់គ្រាប់បែកក្នុងសម័យសង្គ្រាមអតីតកាលបានយ៉ាងច្បាស់លាស់ ដោយមានកំណត់ត្រាព័ត៌មានពាក់ព័ន្ធការទម្លាក់គ្រាប់បែកពីយន្តហោះ ដូចជាកាលបរិច្ឆេទ ប្រភេទយន្តហោះ និងចំណុចទីតាំងនៃការទម្លាក់គ្រាប់បែកទាំងនោះផងដែរ»។

ឯកឧត្ដមអគ្គនាយក CMAC បានបញ្ជាក់បន្ថែមថា៖ «ប្រការដូចខាងលើនេះជាលក្ខណៈបច្ចេកទេស គ្មានការយល់ច្រឡំគ្នារវាងគ្រាប់បែកទម្លាក់ពីយន្តហោះក្នុងសង្គ្រាមថ្មីៗនេះ ជាមួយគ្រាប់បែកទម្លាក់ពីយន្តហោះក្នុងសម័យសង្គ្រាមអតីតកាលឡើយ»៕
ដោយ៖ មករា





