សហរដ្ឋអាមេរិកនឹងបន្តរំពឹងទៅលើកិច្ចព្រមព្រៀងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយសេវាសារព័ត៌មានរបស់ក្រសួងការបរទេសថា សហរដ្ឋអាមេរិកបន្តរំពឹងថា កិច្ចព្រមព្រៀងស្តីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ នឹងត្រូវសម្រេចបានជាមួយទីក្រុងតេអេរ៉ង់។
ការដាក់ទណ្ឌកម្ម និងការរឹតបន្តឹងផ្សេងទៀតរបស់អង្គការសហប្រជាជាតិទាក់ទងនឹងប្រទេសអ៊ីរ៉ង់ ត្រូវបានបន្តចាប់តាំងពីម៉ោង០៨:០០យប់។ លោក រូប៊ីអូ បាននិយាយថា «លោកប្រធានាធិបតី [ដូណាល់] ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា ការទូតនៅតែជាជម្រើសមួយ កិច្ចព្រមព្រៀងនៅតែជាលទ្ធផលល្អបំផុតសម្រាប់ប្រជាជនអ៊ីរ៉ង់ និងពិភពលោក។ ដើម្បីឱ្យវាកើតឡើងបាន អ៊ីរ៉ង់ត្រូវតែទទួលយកកិច្ចពិភាក្សាដោយផ្ទាល់ និងត្រូវធ្វើឡើងដោយស្មោះត្រង់ ដោយមិនមានការជាប់គាំង ឬមានការភាន់ច្រឡំឡើយ»។
នៅពេលមុននេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានច្រានចោលសេចក្តីព្រាងសេចក្តីសម្រេចដែលដាក់ដោយរុស្ស៊ី និងចិន ដែលស្នើឱ្យបន្តសេចក្តីសម្រេចលេខ២២៣១ របស់ក្រុមប្រឹក្សាដែលត្រូវបានអនុម័តក្នុងការគាំទ្រកិច្ចព្រមព្រៀង ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ តាសស៍)





