លោក ត្រាំ ពិភាក្សាអំពីវិធានការប្រឆាំងនឹងការបិទរដ្ឋាភិបាលជាមួយមេដឹកនាំសភា
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ -- ទីភ្នាក់ងារសារព័ត៌មាន APបានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នឹងជួបជាមួយមេដឹកនាំកំពូលទាំងបួនរបស់សភាជាតិនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នេះ ដើម្បីពិភាក្សាអំពីវិធានការដើម្បីការពារការបិទសម្រាប់រដ្ឋាភិបាលសហព័ន្ធ ឬប្រឈមនឹងការបិទ។
យោងតាមសារព័ត៌មាន AP បានឱ្យដឹងថា លោក ត្រាំ នឹងជួបជាមួយប្រធានសភាជាតិ លោក ម៉ៃ ចនសុន (Mike Johnson) និងមេដឹកនាំសំឡេងភាគច្រើនព្រឹទ្ធសភា លោក ចន ធូន (John Thune) ក៏ដូចជាមេដឹកនាំគណបក្សប្រជាធិបតេយ្យសភា លោក ហាគីម ជេហ្វហ្រ្វីស៍(Hakeem Jeffries) និងមេដឹកនាំសំឡេងភាគតិចព្រឹទ្ធសភា លោក ឈុក ស្សុមមើរ (Chuck Schumer) នៅសេតវិមាន។
ការផ្តល់មូលនិធិត្រូវបានរំខានជាងម្ភៃដងចាប់តាំងពីឆ្នាំ១៩៧៧ មកដោយសារតែការខ្វែងគំនិតគ្នារវាងរដ្ឋបាលប្រធានាធិបតី និងសភា។រយៈពេលបិទទ្វាររដ្ឋាភិបាល ដែលមានរយៈពេលវែងបំផុត គឺមានរយៈពេល៣៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ក្នុងអំឡុងពេលនៃអាណត្តិដំបូងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ តាសស៍)





