ឥណ្ឌូណេស៊ីប្រឈមមុខនឹងវិបត្តិធនធានទឹក
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ -- បើទោះបីជាប្រទេសត្រូពិចដែលមានភ្លៀងធ្លាក់ច្រើនក៏ដោយ ក៏ប្រទេសឥណ្ឌូណេស៊ីបច្ចុប្បន្នកំពុងប្រឈមមុខនឹងវិបត្តិសន្តិសុខទឹកយ៉ាងធ្ងន់ធ្ងរ ដែលទាមទារឱ្យមានសកម្មភាពរួមជាបន្ទាន់ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីការពារសុខុមាលភាពរបស់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគតកាល។
អ្នកជំនាញមកពីវិទ្យាស្ថានធនធានពិភពលោក (WRI) ប្រទេសឥណ្ឌូណេស៊ីបានព្រមានថាប្រទេសនេះកំពុងរងគ្រោះពីប្រភពទឹកដែលមាន«តិចតួចពេក ច្រើនពេក និងការបំពុលខ្លាំងពេក» ដោយសារតែកត្តាមនុស្សដូចជាការផ្លាស់ប្តូរការប្រើប្រាស់ដី ការកេងប្រវ័ញ្ចលើសចំណុះ និងការកើនឡើងនៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ទិន្នន័យពីវិទ្យាស្ថាន WRI បានបង្ហាញថា ប្រទេសឥណ្ឌូណេស៊ីជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសដែលមានហានិភ័យខ្ពស់ទាំងគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់។
វិបត្តិទឹកកំពុងបង្កឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរ រួមទាំងកង្វះខាតទឹកសម្រាប់កសិកម្ម ដែលជំរុញឱ្យតម្លៃស្បៀងកើនឡើង និងបណ្តាលឱ្យមានជំងឺទាក់ទងនឹងទឹកផងដែរ ដូចជាជំងឺរាគជាដើម ដែលវាកំពុងក្លាយជាមូលហេតុចម្បងមួយនៃការស្លាប់របស់កុមារ និងការខាតបង់សេដ្ឋកិច្ចធ្ងន់ធ្ងរ។ទន្ទឹមនឹងនេះដែរ ការវិភាគរបស់ធនាគារពិភពលោក (WB) ក៏បានគូសបញ្ជាក់ផងដែរថា ធនធានហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌូណេស៊ីសម្រាប់សន្តិសុខទឹកនៅមានកម្រិតមិនគ្រប់គ្រាន់នៅឡើយ ខណៈដែលប្រជាជនមានរហូតដល់ទៅ ៧៦លាននាក់រស់នៅក្នុងតំបន់ដែលងាយរងគ្រោះនឹងទឹកជំនន់។
ដើម្បីដោះស្រាយវិបត្តិនេះ អ្នកជំនាញបានសង្កត់ធ្ងន់ថា សកម្មភាពរួមគឺជាគន្លឹះដ៏សំខាន់ ហើយទំនួលខុសត្រូវទៅលើការអភិរក្សទឹកត្រូវតែមានមកពីគ្រប់ជាន់ថ្នាក់៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





