បណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តចំពោះពាណិជ្ជកម្មសេរី និងយុត្តិធម៌
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ -- អាស៊ានប្តេជ្ញារក្សាប្រព័ន្ធពាណិជ្ជកម្មសេរី យុត្តិធម៌ ទូលំទូលាយ និងផ្អែកលើច្បាប់ ដោយគ្មានការរើសអើង និងផ្អែកលើគោលការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក(WTO) ជាស្នូល។
ការប្តេជ្ញាចិត្តនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៧ (AEM) ដែលបានបញ្ចប់នៅទីក្រុងគូឡាឡាំពួររបស់ប្រទេសម៉ាឡេស៊ីកាលពីរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។
ថ្លែងសុន្ទរកថាក្នុងសន្និសីទសារព័ត៌មានសម្រាប់ព្រឹត្តិការណ៍រយៈពេលប្រាំថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ីលោក ហ្សាហ្រ្វុល អាហ្ស៊ីស (Zafrul Aziz) បាននិយាយថា បណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបានផ្លាស់ប្តូរទស្សនៈគ្នា ស្តីពីទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។ ពួកគេក៏បានពិភាក្សាគ្នាផងដែរអំពីវឌ្ឍនភាពនៃការអនុវត្តការផ្តល់សេដ្ឋកិច្ចជាអាទិភាព រួមទាំងគំនិតផ្តួចផ្តើមសំខាន់ៗនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងការផ្តួចផ្តើមគំនិតរួមគ្នារបស់ប្លុកជាមួយដៃគូសន្ទនា។
ក្រៅពីការសន្យារក្សានិរន្តរភាពពាណិជ្ជកម្មពហុភាគីដោយសេរី និងយុត្តិធម៌នេះ បណ្តារដ្ឋមន្ត្រីទាំងអស់ក៏បានសម្តែងការប្តេជ្ញាចិត្តក្នុងការសហការក្នុងន័យស្ថាបនាជាមួយដៃគូខាងក្រៅទាំងអស់ដើម្បីដោះស្រាយកង្វល់ស្របច្បាប់ផងដែរ។
កិច្ចប្រជុំក៏បានកត់សម្គាល់ផងដែរនូវអនុសាសន៍របស់ក្រុមការងារភូមិសាស្ត្រសេដ្ឋកិច្ចអាស៊ានទៅលើវិធីសាស្រ្ត និងយុទ្ធសាស្ត្រថ្មីៗសម្រាប់ការលើកកម្ពស់សមាហរណកម្មរបស់ប្លុក ចំពេលដែលមានការកើនឡើងនៃការបែងចែកភូមិសាស្ត្រ។
នៅខាងក្រៅកិច្ចប្រជុំកំពូលនាពេលខាងមុខ អាស៊ាននឹងបើកកិច្ចប្រជុំរួមគ្នារវាងរដ្ឋមន្ត្រីសេដ្ឋកិច្ច និងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសជាសមាជិកដើម្បីលើកកម្ពស់ភាពស៊ីសង្វាក់គ្នានៃគោលនយោបាយ និងការសម្របសម្រួលអន្តរសសរស្តម្ភ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





